សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង រួមជាមួយនឹងប្រទេសមួយចំនួនទៀតបានចេញសេចក្តីព្រមានពីការធ្វើដំណើរកាលពីថ្ងៃអាទិត្យ (២៨ កក្កដា) ដោយស្នើឱ្យពលរដ្ឋរបស់ពួកគេជៀសវាង ឬចាកចេញពីលីបង់ជាបន្ទាន់ ខណៈភាពតានតឹងកើនឡើងខ្លាំង ដោយអ៊ីស្រាអែល ត្រៀមចាត់វិធានការយោធាប្រឆាំងនឹងក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ូតែតនៅតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) សម្លាប់មនុស្ស ១២នាក់។

ស្ថានទូតអាមេរិក ប្រចាំលីបង់ ការិយាល័យបរទេសជាច្រើនទៀត បានណែនាំពលរដ្ឋរបស់ខ្លួនដែលធ្វើដំណើរទៅ ឬមកពីលីបង់ «ឱ្យតាមដានស្ថានភាពជើងហោះហើររបស់ពួកគេឱ្យបានដិតដល់» និងឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់។

ជើងហោះហើរនៅអាកាសយានដ្ឋានទីក្រុងបេរូត (Beirut) ត្រូវបានលុបចោល ឬពន្យារពេល ដោយក្រុមហ៊ុនអាកាសចរណ៍មជ្ឈិមបូព៌ា (MEA) របស់លីបង់ និយាយថា ការរំខានដល់កាលវិភាគរបស់ខ្លួនគឺទាក់ទងទៅនឹងហានិភ័យនៃការធានារ៉ាប់រង ដោយសារភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែល និងក្រុមនយោបាយប្រដាប់អាវុធ ហេសបូឡា (Hezbollah) និងលទ្ធភាពនៃការវាយប្រហារសងសឹក។

ក្រុមប្រឹក្សាព័ត៌មានជើងហោះហើររបស់អាកាសយានដ្ឋានបេរូត និងគេហទំព័រតាមដានជើងហោះហើរ ហ្វ្លាយរ៉ាដា២៤ (Flightradar24) បង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ទួរគី ក៏បានលុបចោលជើងហោះហើរពីរយប់កាលពីថ្ងៃអាទិត្យ ខណៈក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត ក៏បានលុបចោលជើងហោះហើរដែលគ្រោងនឹងចុះចតនៅទីក្រុងបេរូត នៅថ្ងៃចន្ទនេះផងដែរ៕