ប៉ុន្មាននាទីបន្ទាប់ពីអាជ្ញាធរបោះឆ្នោតរបស់ប្រទេសវេណេហ្ស៊ុយអេឡា បានប្រកាសថាលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានឈ្នះអាណត្តិទីបីក្នុង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយនៅថ្ងៃចន្ទ (២៩ កក្កដា) នេះថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការប្រកាសនោះ ដោយខ្លាចថាលទ្ធផលឆ្នោតមិនឆ្លុះបញ្ចាំងពីសន្លឹកឆ្នោតពិតប្រាកដរបស់ប្រជាជន។

លោក Blinken បាននិយាយកាត់ការលើកឡើងនៅឯកិច្ចប្រជុំនៃប្រជាជាតិឥណ្ឌូប៉ាស៊ីហ្វិកដើម្បីថ្លែងពីការវិឌ្ឍនៃលទ្ធផលឆ្នោតនោះថា «វាជារឿងសំខាន់ដែលរាល់សន្លឹកឆ្នោតត្រូវបានរាប់ដោយយុត្តិធម៌ និងតម្លាភាព ហើយមន្ត្រីរៀបចំការបោះឆ្នោតត្រូវចែករំលែកព័ត៌មានភ្លាមៗជាមួយគណបក្សប្រឆាំង និងអ្នកសង្កេតការណ៍បោះឆ្នោតដោយមិនបង្អង់យូរ ខណៈអាជ្ញាធររៀបចំការបោះឆ្នោតផ្សព្វផ្សាយតារាងលម្អិតនៃសន្លឹកឆ្នោត»។

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) របស់ប្រទេសវេណេស៊ុយអេឡា បាននិយាយថា លោក Maduro បានឈ្នះការបោះឆ្នោតជាមួយនឹង ៥១ ភាគរយនៃសន្លឹកឆ្នោត បើទោះបីជាការស្ទង់មតិក្រោយបោះឆ្នោតជាច្រើនបានចង្អុលបង្ហាញពីការឈ្នះរបស់គណបក្សប្រឆាំងក៏ដោយ។ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គឺជាស្ថាប័នឯករាជ្យ ប៉ុន្តែបក្សប្រឆាំងចោទថា ទង្វើរបស់ក្រុមប្រឹក្សានេះជាដៃជើងរបស់រដ្ឋាភិបាល៕
