ក្រសួងការពារជាតិរបស់ប្រទេស បាននិយាយកាលពីថ្ងៃអាទិត្យថា យោធាប្រទេសទួរគី បានសម្លាប់ ភេរវករ សរុបចំនួន១៦នាក់ នៅក្នុងប្រតិបត្តិការនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងភាគខាងជើងប្រទេសស៊ីរី។

ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងទួរគី បានសម្លាប់សមាជិក១១នាក់នៃគណបក្សពលករឃឺដ (PKK) មិនស្របច្បាប់នៅក្នុងតំបន់ Hakurk, Gara និងតំបន់ Asos នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែពុំបានបញ្ជាក់អំពីពេលវេលានៃប្រតិបត្តិការនោះទេ។

ជារឿយៗ អាជ្ញាធរប្រទេសទួរគី ប្រើពាក្យថា «មិនឲ្យតដៃ» នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ដើម្បីបញ្ជាក់ថាក្រុម «ភេរវករ» ត្រូវប្រគល់ខ្លួន បើមិនដូច្នេះទេត្រូវបានសម្លាប់ ឬចាប់ខ្លួន។
ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយ នៅភាគខាងជើងប្រទេសស៊ីរី កងកម្លាំងទួរគី បានសម្លាប់សមាជិកប្រាំនាក់នៃអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ។
ប្រទេសទួរគី បានចាត់ទុកក្រុមអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ជាសាខានៅប្រទេសស៊ីរីរបស់គណបក្សពលករឃឺដ (PKK)។
គណបក្សពលករឃឺដ (PKK) ដែលត្រូវបានចុះបញ្ជីថាជាអង្គការភេរវកម្ម ដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបះបោរប្រឆាំងរដ្ឋាភិបាលទួរគី អស់រយៈពេលជាងបីទសវត្សរ៍មកហើយ។