នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយមួយ នៅភាគខាងត្បូងប្រទេសលីបង់ និងការអនុវត្តពេញលេញនូវសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិ ដើម្បីជៀសវាងការកើនឡើងភាពតានតឹង។

សេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យរបស់លោក Mikati បាននិយាយថា លោកបានសង្កត់ធ្ងន់ថា «ជំហររបស់រដ្ឋាភិបាលក្នុងការថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សាលើជនស៊ីវិល ហើយបទឈប់បាញ់ប្រកបដោយនិរន្តរភាពលើគ្រប់ផ្នែក គឺជាដំណោះស្រាយតែមួយគត់ ដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការបាត់បង់មនុស្សបន្ថែមទៀត និងជៀសវាងការធ្លាក់ដុនដាបបន្ថែមទៀតនៃស្ថានការណ៍បច្ចុប្បន្ននេះ។

សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា លោកនាយករដ្ឋមន្ត្រី បានធ្វើទំនាក់ទំនងការទូត និងនយោបាយជាបន្តបន្ទាប់ ដើម្បីតាមដានភាពអាសន្ននាពេលបច្ចុប្បន្ន និងការគំរាមកំហែងរបស់អ៊ីស្រាអែលម្តងហើយម្តងទៀតប្រឆាំងនឹងប្រទេសលីបង់។
ស្ថានភាពនៃការព្រួយបារម្ភយ៉ាងខ្លាំង និងភាពតានតឹង បានកើតឡើងនៅតំបន់ព្រំដែន នៅភាគខាងត្បូងប្រទេសលីបង់ ក្រោមការគំរាមកំហែងម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល ក្នុងការបើកប្រតិបត្តិការយោធាដែលនឹងធ្វើឲ្យក្រុមហេសបូឡា រងផលវិបាកដ៏ធ្ងន់ធ្ងរ បន្ទាប់ពីមីស៊ីល បានធ្លាក់ទៅលើទីក្រុង Majdal Shams ក្នុងតំបន់ខ្ពងរាប Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ដោយបាន បណ្តាលឲ្យមនុស្ស ១២នាក់ ស្លាប់ និងជាច្រើននាក់ទៀត រងរបួស។