ប្រទេសមជ្ឈិមបូព៌ាជាច្រើន បានចេញការព្រមានកាលពីថ្ងៃអាទិត្យអំពីការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធមានមូលដ្ឋាន នៅប្រទេសលីបង់បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើទីក្រុង Majdal Shams នៅតំបន់ខ្ពង់រាប Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សយ៉ាងតិច ១២នាក់ ស្លាប់។

ក្រសួងការបរទេសអេហ្ស៊ីប បានព្រមានប្រឆាំងនឹងការបើកមុខសង្រ្គាមថ្មី នៅក្នុងប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារលើទីក្រុងMajdal Shams ដោយសង្កត់ធ្ងន់លើហានិភ័យនៃជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។ ក្រសួងនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រប្រទេសលីបង់ ប្រជាជន និងស្ថាប័នរបស់ខ្លួន ដើម្បីទប់ស្កាត់មិនឲ្យមានជម្លោះបន្ថែមទៀត។

លោក Sufyan Qudah អ្នកនាំពាក្យក្រសួងការបរទេសហ្ស៊កដានី បាននិយាយថា ការឈ្លានពានរបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្កាហ្សា អាចនាំឲ្យមានការកើនឡើងភាពតានតឹង និងកាន់តែឡើង កម្តៅ ដែលបង្កការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ លោកបានអំពាវនាវឲ្យមានចំណាត់ការពីអន្តរជាតិដើម្បីបញ្ឈប់ការឈ្លានពានជាបន្ទាន់ កាត់បន្ថយការឈឺចាប់មនុស្សធម៌ ការពារប៉ាឡេស្ទីន និងការពារសន្តិសុខ ក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានព្រមានអ៊ីស្រាអែលប្រឆាំងនឹង «ចំណាត់ការ»ថ្មីណាមួយប្រឆាំងនឹងប្រទេសលីបង់ ជុំវិញ«លេស»នៃការវាយប្រហារដោយគ្រាប់រ៉ុក្កែតនោះ។