ក្រសួងការពារជាតិអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលថា រុស្ស៊ីនឹងបោះបង់ការផ្អាកជាឯកតោភាគីលើការដាក់ពង្រាយអាវុធរយៈចម្ងាយមធ្យម ប្រសិនបើអាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិក ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអាល្លឺ ម៉ង់។

ដោយឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន TASS ថាតើមន្ទីរបញ្ចកោណ បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើអត្ថាធិប្បាយលើបញ្ហានេះដែរឬទេ អ្នកតំណាងផ្លូវការរបស់ខ្លួនបាននិយាយថា «ទេ»។ សេតវិមាន និងក្រសួងការបរទេស មិនទាន់ឆ្លើយតបចំពោះសំណើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។

ក្នុងអំឡុងពេលព្យុហយាត្រាកងទ័ពជើងទឹកក្នុងទីក្រុង St. Petersburg កាលពីថ្ងៃអាទិត្យ មេដឹកនាំរុស្ស៊ីបានព្រមានទីក្រុងវ៉ាស៊ីនតោនថា រុស្ស៊ីនឹងបញ្ចប់ការផ្អាកជាឯកតោភាគីលើការដាក់ពង្រាយអាវុធចម្ងាយមធ្យម ប្រសិនបើសហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ពង្រាយអាវុធចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់។
កាលពីថ្ងៃទី ១០ ខែកក្កដា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមដាក់ពង្រាយអាវុធថ្មី នៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ពីឆ្នាំ ២០២៦។