ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) បាននិយាយថា សមាជិកក្រុមរបស់ខ្លួនជិត ២០០នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។

អគ្គស្នងការ UNRWA លោក Philippe Lazzarini បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃសៅរ៍ថា៖«នេះ គឺជាការបាត់បង់បុគ្គលិកដ៏ធំបំផុត ដែលត្រូវបានសម្លាប់នៅក្នុងជម្លោះតែមួយ ឬគ្រោះធម្មជាតិ ចាប់តាំងពីការបង្កើតអង្គការសហប្រជាជាតិមក ជាការពិតមួយដែលពិភពលោក មិនដែល ទទួលយក»។

លោក Lazzarini បានថ្លែងថា៖«នៅពេលដែលសង្រ្គាមនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមរយៈពេលជិត ១០ខែហើយនោះ គ្មាននរណាម្នាក់ គិតថា យើងនឹងឈានដល់ដំណាក់កាលដ៏អាក្រក់បែបនេះទេ» ។ «ទាំងនេះ មិនមែនជាចំនួនទេ។ ទាំងនេះ គឺជាសហសេវិក និងមិត្តភក្តិរបស់យើង។ ពួកគេ គឺជាគ្រូបង្រៀន វេជ្ជបណ្ឌិត គិលានុបដ្ឋាក វិស្វករ បុគ្គលិកជំនួយ អ្នកបច្ចេកទេស ដែលបានចំណាយជីវិតជួយសហគមន៍»។
អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយលុករបស់ក្រុមហាម៉ាស ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២00 នាក់ បានស្លាប់ និងជាង ២០០ នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។