
លោក Ismail Haniyeh បាននិយាយថា ក្រុមហាម៉ាស បានស្នើថា ថ្ងៃទី៣ ខែសីហា គួរតែត្រូវបានប្រកាសថា ជាទិវាពិភពលោកគាំទ្រនិងអ្នកទោសប៉ាឡេស្ទីន និងតំបន់ហ្កាហ្សា ដែលជាថ្ងៃចាប់ផ្តើមនៃសកម្មភាពមិនឈប់ឈរ ក្នុងការគាំទ្រអ្នកស្រុក និងប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល រហូតដល់ការបញ្ចប់អរិភាព នៅក្នុងដែនដីនេះ។
ក្រុមហាម៉ាស បានដកស្រង់សម្តីលោកដែលបាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«សូមឲ្យថ្ងៃទី៣ ខែសីហា ក្លាយជាទិវាជាតិ និងពិភពលោកសម្រាប់ការគាំទ្រដល់អ្នកទោសហ្កាហ្សា និងអ្នកទោស [ប៉ាឡេស្ទីន] ដែលនឹងត្រូវបានអនុវត្តដោយសកម្មភាពដ៏ធំមិនឈប់ឈរ រហូតដល់សង្រ្គាមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ត្រូវបានបញ្ចប់»។

មេដឹកនាំក្រុមហាម៉ាសរូបនេះ បានសង្កត់ធ្ងន់លើ «តម្រូវការសម្រាប់ការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ប្រជាជន អារ៉ាប់ ឥស្លាម និងអន្តរជាតិ នៅក្នុងដំណើរការមិនឈប់ឈរនេះ នៃការគាំទ្រដល់ប្រជាជននិងអ្នកទោសប៉ាឡេស្ទីន នៅក្នុងដែនដីនេះ។
លោក Haniyeh បានបញ្ជាក់ថា ការអំពាវនាវនេះ ត្រូវបានបង្កឡើងដោយ «ភាពស្ងៀមស្ងាត់ និងអសមត្ថភាពរបស់អន្តរជាតិ ក្នុងការបញ្ឈប់សង្គ្រាមនៅហ្កាហ្សា ភាពលម្អៀងរបស់រដ្ឋបាលអាមេរិក និងការគាំទ្រទាំងស្រុង [សម្រាប់អ៊ីស្រាអែល]«ក៏ដូចជា «អសមត្ថភាពរបស់អង្គការសិទ្ធិមនុស្ស និងអង្គការមនុស្សធម៌ ដើម្បីទទួលខុសត្រូវចំពោះការគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងអ្នកទោសនៅក្នុងពន្ធនាគាររបស់[អ៊ីស្រាអែល]»។