
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា កូរ៉េខាងជើងប្រហែលជាកំពុងពិចារណា ជុំវិញការសាកល្បងនុយក្លេអ៊ែរ កៀកនឹងពេលវេលាដែលការបោះឆ្នោតប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើង ដើម្បីទាក់ទាញការចាប់អារម្មណ័កាន់តែខ្លាំងឡើង ខណៈដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន (Kim Jong Un) បញ្ចេញក្បាលគ្រាប់ថ្មីដែលមានសមត្ថភាពវាយប្រហារសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអាស៊ី។
នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃទី២៨ ខែកក្កដា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Shin Won-sik បាននិយាយថា ទីក្រុងសេអ៊ូលនឹងឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យមានស្តង់ដារនូវប្រព័ន្ធតាមដានមីស៊ីលដែលបាញ់ចេញពីកូរ៉េខាងជើង។
គួរបញ្ជាក់ថា លោក Shin បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីរបស់ប្រទេសជប៉ុន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីទទួលបានផលចំណេញពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលមានរួមបញ្ចូលទាំងការហ្វឹកហ្វឺនយោធារួមគ្នាផងដែរ។

លោក Shin បាននិយាយថា៖ «កូរ៉េខាងជើងបានបញ្ចប់ការត្រៀមខ្លួនរួចហើយ ដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរ ដោយរង់ចាំតែការសម្រេចចិត្តតែប៉ុណ្ណោះ។ យើងមិនអាចបដិសេធបាននោះឡើយនូវលទ្ធភាពនៃការសម្រេចចិត្តនោះ ពោលគឺភ្លាមៗ ទាំងនៅមុន ឬក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលជាការធ្វើឡើងដើម្បីបង្កើនអានុភាពប្រឆាំងនឹងសហរដ្ឋអាមេរិក»។
ទីក្រុងព្យុងយ៉ាងមានទម្លាប់កំណត់ពេលវេលាបង្កហេតុរបស់ខ្លួនឲ្យស្របនឹងព្រឹត្តិការណ៍នយោបាយសំខាន់ៗ។ កូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេអ៊ែរលើកចុងក្រោយ ក្នុងខែកញ្ញា ឆ្នាំ២០១៧ ដែលជាគ្រាប់បែកបរមាណូដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនរហូតមកដល់ពេលនេះ ដោយមានការប៉ាន់ស្មានពីថាមពលផ្ទុះ ចន្លោះពី ១២០គីឡូតោន ទៅ ២៥០គីឡូតោន៕