
មេដឹកនាំមួយចំនួននៅទូទាំងទ្វីបអាមេរិក បានបញ្ចេញប្រតិកម្មរៀងៗខ្លួន បន្ទាប់ពីមាននូវការប្រកាសរបស់អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា នាពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ (ទី២៩ ខែកកក្កដា) (ម៉ោងក្នុងស្រុក) ដែលថា ប្រធានាធិបតី លោក Nicolas Maduro បានឈ្នះតំណែងអាណត្តិទី៣ បើទោះបីជាការស្ទង់មតិលើអ្នកចេញពីមណ្ឌលបោះឆ្នោតជាច្រើន បង្ហាញពីជ័យជម្នះធ្លាក់ទៅលើគណបក្សប្រឆាំងក៏ដោយ។
ជាដំបូងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងថា៖ «ក្រោយឃើញការប្រកាសរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតវេណេស៊ុយអេឡា យើងមានក្ដីបារម្ភយ៉ាងខ្លាំងថា លទ្ធផលដែលបានប្រកាស មិនឆ្លុះបញ្ចាំងពីឆន្ទៈ ឬការបោះឆ្នោតរបស់ប្រជាជនវេណេស៊ុយអេឡា»។ ប្រធានាធិបតីឈីលី លោក Gabriel Boric បាននិយាយថា៖ «របបរបស់លោក Maduro ត្រូវតែយល់ថា លទ្ធផល គឺពិបាកជឿណាស់។ ពីប្រទេសឈីលី យើងនឹងមិនទទួលស្គាល់លទ្ធផលណាមួយ ដែលមិនអាចផ្ទៀងផ្ទាត់បាននោះឡើយ»។
រដ្ឋមន្ត្រីការបរទេសប៉េរូ លោក Javier Gonzalez-Olaechea បាននិយាយថា៖ «ខ្ញុំថ្កោលទោសគ្រប់ផ្នែកទាំងអស់នូវភាពមិនប្រក្រតី ដោយមានចេតនាក្លែងបន្លំដែលប្រព្រឹត្តដោយរដ្ឋាភិបាលវេណេស៊ុយអេឡា។ ប្រទេសប៉េរូនឹងមិនទទួលយកការរំលោភលើឆន្ទៈរបស់ប្រជាជនវេណេស៊ុយអេឡានោះទេ»។

ដោយឡែកប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានលើកឡើងថា៖ «បងប្រុស Nicolas Maduro ជ័យជម្នះរបស់បង ដែលជារបស់ប្រជាជនបូលីវ៉ារៀ និងឆាវីស្តា បានកម្ចាត់ពួកប្រឆាំងដែលគាំទ្រចក្រពត្តិនិយមយ៉ាងស្អាតស្អំ និងច្បាស់លាស់»។ ប្រធានាធិបតីហុងឌូរ៉ាស់ លោកស្រី Xiomara Castro បាននិយាយថា៖ «សូមអបអរសាទរជាពិសេសរបស់យើង និងការស្វាគមន៍បែបប្រជាធិបតេយ្យ សង្គមនិយម និងបដិវត្តន៍ ចំពោះប្រធានាធិបតី លោក Nicolas Maduro និងប្រជាជនវេណេស៊ុយអេឡាដ៏ក្លាហាន សម្រាប់ជ័យជម្នះដែលមិនអាចប្រកែកបានរបស់ពួកគេ»។
យ៉ាងណាក្ដី នៅមុនលទ្ធផលត្រូវបានប្រកាស អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បាននិយាយថា «ឆន្ទៈរបស់ប្រជាជនវេណេហ្ស៊ុយអេឡាត្រូវតែគោរព។ ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏យើងនឹងបន្តធ្វើការ ដើម្បីឆ្ពោះទៅរកអនាគតរបស់លទ្ធិប្រជាធិបតេយ្យ វិបុលភាព និងសុវត្ថិភាពបន្ថែមទៀត សម្រាប់ប្រជាជនវេណេស៊ុយអេឡា»៕