
មន្ត្រីអ៊ុយក្រែន បាននិយាយថា យានដ្រូនឈ្លបយកការណ៍ បានបង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែតពីលើមូលដ្ឋានអាកាសអ៊ុយក្រែន ដោយគ្មានការព្រមាន កាលពីដើមខែកក្កដា។ ហើយរយៈពេលប៉ុន្មាននាទីបន្ទាប់ពីយាននោះបានបញ្ជូនទិន្នន័យគោលដៅត្រឡប់ទៅមូលដ្ឋានរុស្ស៊ីវិញ ក៏មានការវាយប្រហារដោយមីស៊ីលបាលីស្ទិកជាបន្ទបន្ទាប់ទៅលើអាកាសយានដ្ឋានយោធានោះ។
នាង Valeria Minenko អាយុ ២១ឆ្នាំ ដែលរស់នៅក្បែរមូលដ្ឋានទ័ពអាកាស ក្នុងទីក្រុង Myrhorod ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន ដែលជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើន ក្នុងការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ី ក្នុងប៉ុន្មានខែថ្មីៗនេះ បាននិយាយថា៖«ការវាយប្រហារដំបូងនោះ មានកម្លាំងខ្លាំងណាស់ បានធ្វើឲ្យបង្អួចផ្ទះរបស់យើងញ័ររញ្ជួយ»។ នាង Minenko បាននិយាយថា៖ «ឥឡូវនេះ ពួកគេកំពុងវាយលុកលើមូលដ្ឋានអាកាសដោយគ្រាប់រ៉ុក្កែតគ្រប់ពេលវេលា»។

រុស្ស៊ី បាន និងកំពុងបង្ហោះយានដ្រូនឈ្លបយកការណ៍ព្រោងព្រាតលើផ្ទៃមេឃរបស់ប្រទេសអ៊ុយក្រែន ដោយទាញយកភាពចន្លោះប្រហោងនៃប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ ដើម្បីបើកការវាយប្រហារជាមួយនឹងប្រព័ន្ធកាន់តែទំនើបទៅលើទីតាំងរបស់អ៊ុយក្រែន។
ការវាយលុកលើមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការកម្រិតឥទ្ធិពលរបស់យន្តហោះ សូម្បីមុនពេលពួកគេចូលក្នុងសមរភូមិ។ ហើយពួកគេក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលអ៊ុយក្រែនជួបប្រទះផងដែរ ខណៈដែលខ្លួនត្រៀមរៀបចំដាក់ពង្រាយយន្តហោះទំនើបជាលើកដំបូង។
អ៊ុយក្រែនសង្ឃឹមថា យន្តហោះចម្បាំង F-16 ដែលភ្ជាប់មកជាមួយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដ៏មានឥទ្ធិពល និងអាវុធផ្សេងទៀតនោះ អាចត្រូវបានប្រើនៅក្នុងការសម្របសម្រួលជាមួយអាវុធលោកខាងលិចផ្សេងទៀត ដូចជាប្រព័ន្ធការពារអាកាស Patriot ដើម្បីពង្រីកតំបន់ដែលត្រូវបានចាត់ទុកថា មានគ្រោះថ្នាក់ ខ្លាំងដល់អាកាសយានិករុស្ស៊ី ក្នុងការហោះហើរ៕