ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលបីថ្ងៃគឺចាប់ពី ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។
នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូកងទ័ពប្រជាជនឡាវនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។បន្ទាប់មកនឹងអញ្ជើញទៅទស្សនកិច្ចនៅកងពលតូចលេខ៧០ ចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕



