កាលពីថ្ងៃអាទិត្យម្សិលមិញ ជនប៉ាឡេស្ទីន បានរត់ភៀសខ្លួនចេញពីជំរំ al-Bureij ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា បន្ទាប់ពីបទបញ្ជារបស់យោធាអ៊ីស្រាអែល ឲ្យជម្លៀសខ្លួនចេញពីតំបន់ al-Bureij និងតំបន់ Shuhada ។
ប្រជាពលរដ្ឋ ត្រូវបានគេនិយាយប្រាប់ឲ្យចាកចេញជាបន្ទាន់ ដើម្បីសុវត្ថិភាពរបស់ពួកគេ និងធ្វើដំណើរទៅកាន់តំបន់មនុស្សធម៌ ស្ថិតនៅតំបន់ Al-Mawasi ។
អ្នកស្រី Aya Mansour ស្ថិតក្នុងចំណោមស្រ្តីដែលគេមើលឃើញចាកចេញពីតំបន់នេះ និយាយថា មាននូវការជម្លៀសខ្លួនផងដែរនៅទីក្រុង Khan Younis ។
អ្នកស្រីបន្តថា កងកម្លាំងអ៊ីស្រាអែល ស្ថិតនៅទីក្រុង Rafah កម្លាំងអ៊ីស្រាអែល ស្ថិតនៅតំបន់ភាគខាងជើង និងភាគកណ្តាលនៅទីនេះ ហើយពួកគេចង់វាយលុកចូលជំរំ al-Bureij និងជំរំ Nuseirat ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពក្នុងស្រុក បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៣៩.០០០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ។
អ៊ីស្រាអែល ដែលបានបាត់បង់ទាហានរបស់ខ្លួនចំនួន ៣២៨នាក់នៅក្នុងសង្រ្គាមហ្កាហ្សានោះ បានប៉ាន់ស្មានថា ក្រុមយុទ្ធជនហាម៉ាស់ ស្មើនឹង ១ភាគ៣នៃជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហាររបស់ពួកគេ ៕