នៅភូមិដាច់ស្រយាល Al-Basaysa ស្ថិតនៅតំបន់ Sharqiya នៅតាមដីសណ្តភាគខាងជើងប្រទេសអេហ្ស៊ីប ពួកគេមានគំនិតបង្កើតថាមពលកកើតថ្មី ដើម្បីផ្លាស់ប្តូរការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ត្រូវបានបំពាក់លើដំបូងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្តល់ជាប្រភពថាមពលប្រកបដោយស្ថិរភាពនៅក្នុងស្រុក ស្របពេលលកើតមានការកាត់ផ្តាច់ចរន្តអគ្គិសនីញឹកញាប់ និងជួបវិបត្តិថាមពល ។
បណ្តើមគំនិតមួយនេះ បានកើតមានតាំងពីឆ្នាំ ១៩៧៨មកម្ល៉េះ ពេលដែលលោកវេជ្ជបណ្ឌិត Salah Arafa គឺជាសាស្រ្តាចារ្យរូបវិទ្យានៅសាកលវិទ្យាល័យអាមេរិក ស្ថិតក្នុងទីក្រុងគែ បានណែនាំផ្ទាំងស្រូបពន្លឺព្រះអាទិត្យលើកដំបូងដល់សហគមន៍ជនបទ ។
ដំបូងឡើយ ផ្ទាំងស្រូបពន្លឺថាមពលព្រះអាទិត្យនេះ ប្រើប្រាស់សម្រាប់តែវិទ្យុ និងទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាបានរីកចម្រើនគួរឲ្យកត់សម្គាល់ ។
នៅឆ្នាំ ២០១៧ ភូមិ Al-Basaysa បានបង្កើតស្ថានីយ៍ថាមពលព្រះអាទិត្យដ៏ធំរបស់ខ្លួន ដែលមានសមត្ថភាពផ្តល់ថាមពលកម្លាំង ១០ គីឡូវ៉ាត់ក្នុង ១ម៉ោង ហើយបច្ចុប្បន្នវាគ្របដណ្តប់សមត្ថភាពប្រហែល ៥០ភាគរយនៃតម្រូវការថាមពលនៅក្នុងភូមិមួយនេះ ៕