ការធ្វើបដិដុល្លារនីយកម្ម ប្រហែលក្លាយជានិន្នាការមួយ ហើយបណ្តាប្រទេសដែលព្យាយាមធ្វើការផ្លាស់ប្តូរជាសកល ក្នុងការមិនប្រើប្រាស់ប្រាក់ដុល្លារ អាចនឹងឃើញថា ចំណាត់ការបែបនេះ នឹងជះឥទ្ធិពលមិនល្អត្រឡប់មកវិញយ៉ាងឆាប់រហ័ស។
នោះគឺយោងតាមលោក Jeffrey Christian អ្នកវិភាគលើការប្រើប្រាស់ទំនិញជាយូរឆ្នាំមកហើយ និងជាស្ថាបនិករបស់ស្ថាប័នស្រាវជ្រាវឯករាជ្យ CPM Group ដែលយល់ថា ការជំរុញដល់ការធ្វើបដិដុល្លារនីយកម្ម នៅក្នុងប្រទេសដូចជារុស្ស៊ី ចិន និងឥណ្ឌា អាចនឹងបង្កជាលទ្ធផលធ្ងន់ធ្ងរ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ។
លោក Christian បានប្រាប់សារព័ត៌មាន Business Insider នៅក្នុងបទសម្ភាសន៍មួយថា ទោះបីជាមានកិច្ចប្រឹងប្រែងដែលកំពុងមានបន្តក៏ដោយ ប៉ុន្តែការត្រួតត្រាប្រាក់ដុល្លារ ប្រហែលជាមិនបាត់ទៅណានោះទេ ដោយគិតដល់របៀបនៃការរីករាលដាលរបស់ប្រាក់ដុល្លារ មាននៅក្នុងទីផ្សារហិរញ្ញវត្ថុ។
លោក Christian បាននិយាយថា៖ «ខ្ញុំនឹងគិតថា ការធ្វើបដិដុល្លារនីយកម្ម គឺជាក្តីសុបិន្តដែលយើងមួយចំនួនមាន។ វាជាគំនិតនៃការផ្លាស់ប្តូរទៅកាន់របបរូបិយប័ណ្ណពហុអន្តរជាតិនេះ។ វាជាគំនិតដ៏ល្អមួយ ប៉ុន្តែការដឹកជញ្ជូនទំនិញដែលកើតឡើង គឺគួរឲ្យខ្លាចខ្លាំងបំផុត ពីព្រោះរដ្ឋាភិបាល និងបណ្ដាប្រទេសទាំងអស់ នឹងត្រូវផ្លាស់ប្តូរវិធីដែលពួកគេត្រូវដោះស្រាយជាមួយរូបិយប័ណ្ណ»។
លោក Christian គឺស្ថិតក្នុងចំណោមក្រុមអ្នកសង្ស័យនៃការធ្វើបដិដុល្លារនីយកម្ម នៅសារព័ត៌មាន Wall Street ដែលបានច្រានចោលនិន្នាការនេះថា គ្មានអ្វីក្រៅពីត្រឹមតែជាពាក្យសម្ដីលើកឡើងនោះទេ។ នៅក្នុងបទបង្ហាញមួយកាលពីដើមឆ្នាំនេះ លោក Christian បានប្រាប់អតិថិជនថា ការធ្វើបដិដុល្លារនីយកម្ម គឺជា «រឿងលើកឡើងតៗគ្នា» «រឿងមិនសមហេតុសមផល» និង «រឿងកំប្លែងដ៏អាក្រក់» ដោយលោកបន្ថែមថា លោកមិនបារម្ភពេកនោះទេ អំពីការផ្លាស់ប្តូរបា្រក់ដុល្លារដោយរូបិយប័ណ្ណផ្សេងទៀត៕