ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី២៩ ខែកក្កដា) នេះ បាននិយាយថា សេចក្តីថ្លែងការណ៍រួម រវាងសហរដ្ឋអាមេរិក និងជប៉ុន «ចោទប្រកាន់ចិនដោយមិនពិត» លើបញ្ហាដែនសមុទ្រ ហើយថា បានមូលបង្កាច់ចំពោះគោលនយោបាយអភិវឌ្ឍន៍កម្លាំងយោធា និងការពារជាតិជាធម្មតារបស់ខ្លួន។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ក្រសួងនេះ បានកើតមានឡើងបន្ទាប់ពីមានការរិះគន់របស់សហរដ្ឋអាមេរិក និងជប៉ុន ចំពោះអ្វីដែលពួកគេហៅថា សកម្មភាព «បង្កហេតុ» របស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី និងការពង្រីកយ៉ាងឆាប់រហ័សនូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា៖ «ពួកគេបានវាយប្រហារ និងបង្ខូចកិត្តិយសប្រទេសចិនដោយចេតនា ជុំវិញបញ្ហាដែនសមុទ្រ ហើយបានធ្វើការកត់សម្គាល់ដោយគ្មានការទទួលខុសត្រូវលើការអភិវឌ្ឍយោធាជាធម្មតា និងគោលនយោបាយការពារជាតិរបស់ប្រទេសចិន»។
លោក Lin បានបន្ថែមថា៖ «ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបំផ្លើសពីការគំរាមកំហែងរបស់ប្រទេសចិន និងការរំពឹងទុកដ៏ទុច្ចរិតនៃភាពតានតឹងក្នុងតំបន់»។
លោក Lin បានសង្កត់ធ្ងន់ថា៖ «យើងសូមជំរុញយ៉ាងខ្លាំងក្លាឲ្យសហរដ្ឋអាមេរិក និងជប៉ុនបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបញ្ឈប់ការបង្កើតសត្រូវបែបស្រមើលស្រមៃនេះ»៕