នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាថា នឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡើងវិញ ជាមួយប្រទេសចិន ដោយបានចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេលបីឆ្នាំ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី ទៅកាន់ទីក្រុងប៉េកាំង ចាប់តាំងពីចូលកាន់តំណែង។
លោកស្រី Meloni ដែលបានដឹកនាំរដ្ឋាភិបាលស្តាំនិយម ចាប់តាំងពីឆ្នាំ ២០២២ បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang ខណៈដែលទីក្រុងរ៉ូម ស្វែងរកការកែលម្អទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង បន្ទាប់ពីប្រទេសនេះ បានចាកចេញពីគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ( Xi Jinping) កាលពីឆ្នាំមុន។
លោកស្រី បានថ្លែងថា ការធ្វើដំណើររយៈពេល ៥ថ្ងៃ របស់លោកស្រី គឺជា «ការបង្ហាញឆន្ទៈ ដើម្បីចាប់ផ្តើមដំណាក់កាលថ្មីមួយ ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ឡើងវិញ»។ លោកស្រី បានបន្ថែមថា ផែនការសកម្មភាព មានគោលបំណងសាកល្បងទម្រង់សហប្រតិបត្តិការថ្មី។
នៅល្ងាចថ្ងៃដដែលនោះ លោកស្រី Meloni បាននិយាយថា អនុស្សរណៈកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលបានចុះហត្ថលេខាដោយប្រទេសអ៊ីតាលី និងចិន រួមមានវិស័យឧស្សាហកម្មជាយុទ្ធសាស្ត្រ ដូចជាការការប្រើប្រាស់រថយន្តអគ្គិសនី និងថាមពលកកើតឡើងថ្មី។