
រថក្រោះរបស់អ៊ីស្រាអែល ត្រូវបានគេមើលឃើញបើកឆ្លងកាត់របងព្រំដែនបែងចែកអ៊ីស្រាអែល និងតំបន់ហ្កាហ្សានៅថ្ងៃចន្ទនេះ នៅជិតទីក្រុងភាគខាងត្បូង Khan Younis តំបន់ហ្កាហ្សា ស្របពេលដែលទាហានអ៊ីស្រាអែល បន្តប្រតិបត្តិការសឹករយៈពេល ១សប្តាហ៍របស់ពួកគេប្រឆាំងក្រុមជីវពលហាម៉ាស់ ។
សំឡេងផ្ទុះគ្រាប់ និងផ្ទុះអាវុធ ត្រូវបានគេឮពីតំបន់ភាគខាងត្បូងអ៊ីស្រាអែល ស្របពេលដែលរថក្រោះរុលចូលតំបន់ភាគខាងកើតទីក្រុង Khan Younis ជាទីដែលគ្រូពេទ្យបឋមនិយាយកាលពីថ្ងៃសៅរ៍ថា ជនប៉ាឡេស្ទីនយ៉ាងហោច ៣៤នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ។

អ៊ីស្រាអែល បានថ្កោលទោសក្រុមហាម៉ាស់ថា បានលាក់យុទ្ធជននៅតំបន់ស៊ីវិល និងនិយាយថា កងកម្លាំងរបស់ខ្លួន នឹងធ្វើអ្វីគ្រប់បែបយ៉ាងក្នុងការកម្រិតគ្រោះថ្នាក់ជនស៊ីវិល ។
ជនប៉ាឡេស្ទីន បានរត់ភៀសខ្លួនចេញពីជំរំ al-Bureij ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា បន្ទាប់ពីបទបញ្ជារបស់យោធាអ៊ីស្រាអែល ឲ្យជម្លៀសខ្លួនចេញពីតំបន់ al-Bureij និងតំបន់ Shuhada ។
យោធាអ៊ីស្រាអែល បានបើកប្រតិបត្តិការសឹកនៅទីក្រុង Khan Younis ដើម្បីឆ្លើយតបចំពោះអ្វីដែលពួកគេនិយាយថា គឺជាការវាយប្រហារឥតឈប់ឈរ រួមទាំងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ ៕