
មនុស្សរាប់រយនាក់ កំពុងរស់នៅជាមួយជំនន់ទឹកភ្លៀង នៅតំបន់ជាយក្រុងរបស់ទីក្រុងហាណូយ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងមួយសប្តាហ៍ នៅភាគខាងជើងប្រទេសវៀតណាម។
នៅភូមិ Ben Voi ចម្ងាយ ៤០គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ អ្នកស្រុកធ្វើដំណើរដោយជិះទូក និងដេកនៅក្នុងផ្ទះដែលផ្នែកខ្លះត្រូវលិចទឹក។ លោកស្រី Tran Thi Ly វ័យ ៧០ឆ្នាំ ដែលបានបើកកន្លែងលក់អីវ៉ាន់ ព្យាយាមទុកដាក់អីវ៉ែអីវ៉ាន់របស់លោកស្រីកុំឲ្យសើម ខណៈទឹកក្នុងផ្ទះរបស់គាត់លិចដល់ក្បាលជង្គង់។

គួរជ្រាបថា ចាប់តាំងពីដើមខែកក្កដាមក ទឹកជំនន់ និងបំណាក់ដី បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់ បាត់បង់ជីវិត នៅភាគខាងជើងប្រទេសវៀតណាម។ ភូមិ Ben Voi ដែលងាយនឹងមានទឹកជំនន់ ឃើញកម្រិតទឹកឡើងខ្ពស់ នៅពេលដែលទំនប់វារីអគ្គិសនី Hoa Binh បើកទឹក។ មនុស្សប្រហែល ៥០០នាក់ បានរស់នៅក្នុងស្ថានភាពបែបនេះអស់រយៈពេល ១សប្តាហ៍មកហើយ ខណៈគ្មានសញ្ញាពីការធូរស្បើយនោះឡើយ។
សូមបញ្ជាក់បន្ថែមថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ត្រូវបានព្យាករថា នឹងកើតមាននៅថ្ងៃទី ២៩-៣១ ខែកក្កដា ដែលធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ គ្រោះធម្មជាតិបានឆក់យកជីវិតមនុស្ស ១៦៩នាក់ នៅប្រទេសវៀតណាមក្នុងឆ្នាំ២០២៣៕