
ក្រុមប្រជានេសាទនៅភូមិតំបន់ឆ្នេរទីក្រុងម៉ានីលនៅថ្ងៃចន្ទនេះ បាននិយាយថា ពួកគេមានការព្រួយបារម្ភចំពោះសុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ក្រោយប្រេងកំពប់ពីនាវាដឹកប្រេងលិច បានអណ្តែតដល់តំបន់ឆ្នេររបស់ពួកគេ ។
នាវា MT Terra Nova ដឹកឥន្ធនៈឧស្សាហកម្មចំណុះ ១,៥លានលីត្រ បានលិចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពេលជួបរលកសមុទ្រធំនៅជិតតំបន់ឆ្នេរ Limay ស្ថិតក្នុងខេត្ត Bataan បណ្តាលឲ្យនាវិកម្នាក់ស្លាប់ ។
ក្រុមមន្រ្តី កំពុងស៊ើបអង្កេតថាតើការលិចនាវាមួយគ្រឿងនេះ មានការជាប់ពាក់ព័ន្ធដែរឬទេនឹងព្យុះ Gaemi ដែលកាលពីថ្ងៃពុធ បានជន់លិចនៅរដ្ឋធានីម៉ានីល និងទីក្រុងជុំវិញ ។

ក្រុមប្រជានេសាទនៅទីក្រុង Tanza ស្ថិតក្នុងខេត្ត Cavite ភាគខាងត្បូងទីក្រុងម៉ានីល មានការខកចិត្តជាខ្លាំង ក្រោយរអិលប្រេង បានអណ្តែតដល់តំបន់ឆ្នេររបស់ពួកគេ ជាមួយនឹងក្លិនប្រេង ។
លោក Renan Honsana ដែលបាននេសាទត្រីអស់រយៈពេល ៤២ឆ្នាំមកហើយនៅឆកសមុទ្រម៉ានីល និយាយថា រអិលប្រេងមានផលប៉ះពាល់ខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយលោកបានស្នើសុំរដ្ឋាភិបាលឲ្យពន្លឿនប្រតិបត្តិការបោសសម្អាតរបស់ពួកគេ ៕