
វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២៩ ខែកក្កដា) នេះ បានច្រានចោលការលើកឡើងបែបស្មានៗរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដែលថា ប្រទេសរុស្ស៊ីនៅពីក្រោយការវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងនឹងប្រព័ន្ធផ្លូវដែករបស់ប្រទេសបារាំង ហើយបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិច ជារឿយៗព្យាយាមទម្លាក់កំហុសដាក់ទីក្រុងម៉ូស្គូ ចំពោះអ្វីគ្រប់យ៉ាង ដោយគ្មានភស្តុតាងជាក់លាក់។
គួរបញ្ជាក់ថា អ្នកធ្វើអំពើវិឆ្ឆេទកម្មបានវាយប្រហារបណ្តាញរថភ្លើងរបស់បារាំង ក្នុងការវាយប្រហារមុនព្រលឹមស្រាង នៅទូទាំងប្រទេស កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដែលបណ្តាលឲ្យមានភាពចលាចលដល់ការធ្វើដំណើរ និងបង្ហាញពីកង្វះខាតសុវត្ថិភាព ដោយហេតុការណ៍នោះកើតមានឡើងត្រឹមតែប៉ុន្មានម៉ោងមុនពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមិនអាចបដិសេធចោលនោះឡើយនូវការជាប់ពាក់ព័ន្ធរបស់បរទេស នៅក្នុងការវាយប្រហារដែលបានបំផ្លិចបំផ្លាញស្ថានីយផ្ដល់សញ្ញា និងខ្សែកាបនៅលើបណ្តាញផ្លូវដែកល្បឿនលឿនរបស់ប្រទេស ហើយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួន បានដាក់ការទទួលខុសត្រូវទៅលើរុស្ស៊ី ខណៈដែលអ្នកផ្សេងទៀតបានលើកឡើងថា សកម្មជនឆ្វេងនិយមទំនងជាពិរុទ្ធជន។
តែយ៉ាងណាក្ដី នៅពេលត្រូវបានសួរអំពីពាក្យចចាមអារ៉ាមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថា រុស្ស៊ីជាអ្នកនៅពីក្រោយការវាយប្រហារនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ទាំងនេះគ្រាន់តែជាឧបាយកលដ៏ប៉ិនប្រសព្វចុងក្រោយបង្អស់ប៉ុណ្ណោះ ពោលគឺជាការចោទប្រកាន់បន្ថែមទៀតដែលគ្មានភស្តុតាងជាក់លាក់ច្បាស់លាស់»៕
