
នៅថ្ងៃចន្ទនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអបអរសាទរលោក Nicolas Maduro សម្រាប់ការឈ្នះឆ្នោតឡើងវិញរបស់គាត់ជាប្រធានាធិបតីវេណេស៊ុយអេឡា ដោយរូបលោកនិយាយថា ទីក្រុងម៉ូស្គូ ពេញចិត្តភាពជាដៃគូយុទ្ធសាស្រ្តជាមួយប្រទេសនៅអាមេរិកឡាទីនមួយនេះ ហើយលោកនិយាយថា លោក Maduro តែងតែទទួលបានការស្វាគមន៍នៅរុស្ស៊ី ។
លោក Maduro និងគូប្រជែងប្រឆាំងរបស់គាត់គឺលោក Edmundo Gonzalez បានប្រកាសជ័យជំនះដូចគ្នានៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ស្របពេលដែលទីក្រុងវ៉ាស៊ីងតោន និងរដ្ឋាភិបាលបរទេសដទៃទៀត មានមន្ទិលសង្ស័យចំពោះលទ្ធផលផ្លូវការផ្តល់ឲ្យអ្នកកាន់អំណាច ឈ្នះឆ្នោត ។

ក្រុមអាជ្ញាធរបោះឆ្នោតជាតិ បាននិយាយក្រោយយប់ពាក់កណ្តាលអាធ្រាត្រថា លោក Maduro បានឈ្នះអាណត្តិទី ៣របស់លោកជាមួយនឹងសំឡេងឆ្នោត ៥១ភាគរយ គឺជាលទ្ធផលមួយនឹងបន្តការគ្រប់គ្រងរបបសង្គមនិយមរយៈពេល ១៥ឆ្នាំ ។
វិមានក្រឹមឡាំង និយាយថា លោក Putinនិយាយនៅក្នុងសារផ្ញើជូនលោក Maduroថា ទំនាក់ទំនងរុស្ស៊ី-វេណេស៊ុយអេឡា មានលក្ខណៈជាភាពដៃគូយុទ្ធសាស្រ្ត ។
លោកបន្តថា លោកមានជំនឿចិត្តថា សកម្មភាពរបស់អ្នកជាប្រមុខរដ្ឋ នឹងបន្តរួមចំណែកការអភិវឌ្ឍវឌ្ឍនភាពរបស់ពួកគេ នៅគ្រប់ទិសដៅទាំងអស់ ៕