បាល់ទាត់៖ ក្រុមតោកំណាចអង់គ្លេសបានបន្តស្ថិតិឈ្នះទាំង ៤ប្រកួតក្នុងវគ្គជំរុះ World Cup ២០២២ តំបន់អឺរ៉ុបក្នុងពូល I ក្រោយយកឈ្នះនៅទឹកដីហុងគ្រី ៤-០។ នៅពេលកីឡាកររបស់អង់គ្លេសចាប់ផ្តើមលុតជង្គង់ អ្នកគាំទ្របានធ្វើសំឡេងរំខាន។

បន្ទាប់ពីគ្មានគ្រាប់បាល់នៅក្នុងវគ្គទី១ ក្រុមរបស់លោក Gareth Southgate ត្រូវរង់ចាំដល់វគ្គទី២ ទើបរកគ្រាប់នាំមុខបានដោយ Raheem Sterling នៅនាទីទី៥៥ មុនពេលដែល Harry Kane ធ្វើបានសំរេចគ្រាប់នាំមុខ ២-០ នៅនាទីទី៦៣។ ខ្សែការពារក្រុមបិសាចក្រហម Manchester United, Harry Maguire ក៏រកបាន ១គ្រាប់ដែរមុនពេលដែល Declan Rice ជាអ្នកសំរេចគ្រាប់ចុងក្រោយ ៤-០ ឱ្យអង់គ្លេសយកឈ្នះនៅទឹកដីហុងគ្រី។

ជ័យជំនះនេះធ្វើឱ្យក្រុមរបស់លោក Gareth Southgate នាំមុខគេក្នុងពូល I នេះមាន ១២ពិន្ទុពេញដាច់ក្រុមលេខ២ ប៉ូឡូញដល់ទៅ ៥ពិន្ទុ។ ប្រកួតបន្ទាប់អង់គ្លេសនឹងទទួលអង់ដូរ៉ានៅ Wembley មុនបន្តជួបជាមួយម្ចាស់ផ្ទះប៉ូឡូញ៕
អត្ថបទ៖នាង សុភាវុធ