អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារផ្ដល់ជំនួយនៅប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា ប្រជាជនអាហ្វហ្គានីស្ថានជាច្រើនកំពុងជួបការលំបាក ក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេស្របពេលមានគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ មុនពេលក្រុមសកម្មប្រយុទ្ធតាលីបង់បានដណ្ដើមអំណាចកាលពីខែមុន ហើយឥឡូវនេះមនុស្សរាប់លាននាក់អាចប្រឈមនឹងភាពអត់ឃ្លាន ដោយប្រទេសនេះនៅឯកោ និងសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។

លោក Mary-Ellen McGroarty នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់សាព័ត៌មានរ៉យទ័រតាមវីដេអូពីទីក្រុងកាប៊ុលថា ការដួលរលំសេដ្ឋកិច្ចដែលកាន់តែធ្ងន់ធ្ងរគឺកំពុងតែសំដៅមកកាន់ប្រទេសនេះហើយ។ យោងតាមអង្គការស្បៀងអាហារពិភពលោក (WFP) តម្លៃស្បៀងអាហារបានកើនឡើងចាប់តាំងពីគ្រោះរាំងស្ងួតលើកទី២ ក្នុងរយៈពេល ៤ឆ្នាំ បានបំផ្លាញដំណាំស្រូវសាលីប្រហែល ៤០ភាគរយ។
ពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់អាចប្រឈមនឹងភាពអត់ឃ្លានភ្លាមៗ ដោយសារតែការរួមរឹតទៅដោយជម្លោះ គ្រោះរាំងស្ងួត និងវិបត្តិជំងឺ COVID-19។ អង្គការនេះបានអំពាវនាវរកថវិកាជាបន្ទាន់ចំនួន ២០០លានដុល្លារដោយព្រមានថា ការផ្គត់ផ្គង់របស់អង្គការស្បៀងអាហារពិភពលោកនឹងអស់នៅត្រឹមខែតុលា នៅពេលរដូវរងាចូលមកដល់៕
អត្ថបទ៖ សុខមាន