មនុស្សយ៉ាងហោចណាស់១៤០នាក់ បានរងរបួសនៅភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរចំនួន៨០០នាក់ បានបុកជាមួយរថយន្តដឹកទំនិញ នៅលើផ្លូវឆ្លងកាត់ បណ្តាលឲ្យទូរថភ្លើងចំនួន ៨ទូរ ធ្លាក់ចេញពីផ្លូវក្រឡាប់។

មន្ត្រីអយស្ម័យយាន បាននិយាយថាអ្នកបើកបររថភ្លើង ដែលកំពុងធ្វើដំណើរពីទីក្រុង Kazan ទៅកាន់ ទីក្រុង Adler នៅលើសមុទ្រខ្មៅ បានជាន់ហ្វ្រាំងភ្លាមៗ នៅពេលគាត់ឃើញរថយន្តដឹកទំនិញ Kamaz ដែលអ្នកបើកបរបានបំពានច្បាប់ចរាចរណ៍ ហើយបានចូលលើផ្លូវឆ្លងកាត់ ទោះបីជាមានការផ្តល់ដំណឹងហើយ ក៏ដោយ។

រថភ្លើង បានបុករថយន្តដឹកទំនិញក្នុងល្បឿនប្រហែល៦៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតស្ថានីយ៍ Kotelnikovo ស្ថិតនៅក្នុងតំបន់ Volgograd ភាគខាងត្បូងប្រហែល ១.២០០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងមូស្គូ។
មន្ត្រីសា្ថនីយ៍អយស្ម័យយានរុស្ស៊ី បាននិយាយថា មនុស្សប្រហែល១៤០នាក់ បានរបួសស្រាលនិងមានស្នាមជាំ ហើយមនុស្ស១៥នាក់រួមទាំងកុមារ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។
នៅលើបណ្តាញតេឡេក្រាម បានផ្សាយវីដេអូបង្ហាញពីកម្ទេចកម្ទីចេញពីកាប៊ីនរថយន្ត ហើយបុរសម្នាក់ ដែលជាអ្នកបើកបររថយន្ត Kamaz មានឈាមនៅលើផ្ទៃមុខ បានខ្ទាតចេញប្រហែល១៥ ម៉ែត្រ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រសួងគ្រាអាសន្នរបស់រុស្ស៊ី បាននិយាយថា បុគ្គលិកពន្លត់អគ្គិភ័យនិងជួយសង្គ្រោះ បានព្យាយាមជួយសង្គ្រោះអ្នកដំណើរ ខណៈទូរថភ្លើងសរុបចំនួនប្រាំបួនទូរ បានក្រឡាប់។