ក្រុមបាតុករស្តាំនិយមនៅអ៊ីស្រាអែល បានសម្រុកចូលទៅក្នុងបរិវេណយោធាចំនួនពីរកាលពីថ្ងៃចន្ទ (២៩ កក្កដា) បន្ទាប់ពីក្រុមស៊ើបអង្កេតបានទៅដល់ទីតាំងនោះដើម្បីសាកសួរទាហានអំពីការរំលោភបំពាន ដោយត្រូវបានសង្ស័យថាកើតមាននៅជំរំឃុំឃាំងសម្រាប់ជនជាតិប៉ាឡេស្ទីន ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងសង្គ្រាមហ្កាហ្សា។

ហ្វូងបាតុករមួយចំនួនតូច ដែលតវ៉ាប្រឆាំងការស៊ើបអង្កេតនោះ បានសម្រុកចូលទៅក្នុងបរិវេណជំរំ ដែលប្រមុខយោធាអ៊ីស្រាអែលពណ៌នាថាមាន «អាកប្បកិរិយាខុសច្បាប់ រួមជាមួយនឹងភាពអនាធិបតេយ្យ»។

ភាពចលាចលនេះបានចាប់ផ្តើមនៅពេលដែលនគរបាលយោធាបង្ហាញខ្លួននៅទីតាំងទីមួយ ឈ្មោះមជ្ឈមណ្ឌលឃុំឃាំងយោធា ស្ដេ ទីមែន (Sde Teiman) នៅភាគខាងត្បូងអ៊ីស្រាអែល ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ។
វិទ្យុកងទ័ពបានរាយការណ៍ថា ពួកគេបានទៅសាកសួរអំពីទាហានបម្រុងចំនួន ១០នាក់ដែលសង្ស័យថាបានបំពានធ្វើបាបលើអ្នកទោសដែលត្រូវបានចាប់ខ្លួនពីអង្គភាពសម្រាំងនៃក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស។ ពេលយប់ថ្ងៃដដែលនោះ ហ្វូងបាតុករក៏បានប្រមូលផ្តុំគ្នាម្ដងទៀតនៅឯបរិវេណយោធាទីពីរឈ្មោះ បេត លីត (Beit Lid) នៅភាគខាងជើងអ៊ីស្រាអែល។

នៅពេលនគរបាលយោធាទៅកដល់ជំរំឃុំឃាំងនោះ ហ្វូងបាតុករស៊ីវិល រួមទាំងសមាជិកសភាស្តាំនិយម បានប្រមូលផ្តុំគ្នានៅខាងក្រៅជំរំ ដោយបានរិះគន់ការស៊ើបអង្កេតលើយោធា និងនិយាយថាទាហានគ្រាន់តែបំពេញកាតព្វកិច្ចរបស់ពួកគេប៉ុណ្ណោះ៕