ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានប្រាប់បណ្ដារដ្ឋមន្រ្តីអាមេរិក គឺលោក អង់តូនី ប្លីងខិន (Antony Blinken) និងលោក ឡយដ៍ អស្ទីន (Lloyd Austin) នៅថ្ងៃអង្គារ (៣០ កក្កដា) នេះថា ការចូលរួមជាទៀងទាត់រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន គឺចាំបាច់ដើម្បីធានាឱ្យមានការឆ្លើយតប «យ៉ាងរហ័ស» ចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូងរវាងហ្វីលីពីន និងចិន។

សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក គឺហ្វីលីពីន មានជម្លោះម្តងហើយម្តងទៀតនៅក្នុងសមុទ្រជាមួយប្រទេសចិន ដែលជាគូប្រជែងសំខាន់របស់អាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិកក្នុងឆ្នាំកន្លងទៅនេះ ប៉ុន្តែភាគីទាំងពីរបានឈានដល់ «ការរៀបចំបណ្តោះអាសន្ន» ដើម្បីបន្ធូរបន្ថយភាពតានតឹង និងគ្រប់គ្រងការខ្វែងគំនិតគ្នា។

លោក Marcos បាននិយាយក្នុងកិច្ចស្វាគមន៍រដ្ឋមន្រ្តីអាមេរិកទាំងពីររូបនោះថា «យើងរីករាយណាស់ដែលបណ្ដាញទំនាក់ទំនងទាំងនេះបើកចំហរដើម្បីឱ្យការចូលរួមរវាងភាគីទាំងពីរនៅសមុទ្រហ្វីលីពីនខាងលិច និងនៅឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបានត្រួតពិនិត្យ ទើបយើងមានភាពរហ័សរហួនក្នុងការឆ្លើយតបលើបញ្ហានានានៅដែនសមុទ្រ»។

ហ្វីលីពីន មានភាពតានតឹងជាមួយចិន ជុំវិញការអះអាងសិទ្ធិក្នុងដែនទឹកនៅភាគខាងលិចរបស់ខ្លួន ដែលគេស្គាល់ថាជាសមុទ្រចិនខាងត្បូង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាស៊ូ មីលឡឺ (Matthew Miller) បាននិយាយថាលោក Blinken និងលោក Austin បានពិភាក្សាជាមួយលោក Marcos លើ «ការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ច្បាប់អន្តរជាតិនៅក្នុងសមុទ្រចិនខាងត្បូង»៕