កំពង់ឆ្នាំង៖ ជនសង្ស័យដែលបានកាប់បំផ្លាញព្រៃឈើ២ហិកតា និងហ៊ុមរបងយកដី២០ហិកតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង នៅចំណុច៥៥ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បញ្ជូនសំណុំរឿងដល់អយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង និងកំពុងចំណាត់ការបន្តតាមផ្លូវច្បាប់ហើយ ។ នេះបើយោងតាមការបញ្ជាក់របស់លោក មៀន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្ត នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក មៀន ផល្លា បានបន្តថា ៖ ក្នុងសំណុំរឿងជនសង្ស័យចូលទន្ទ្រានកាប់បំផ្លាញព្រៃឈើអស់២ហិកតា និងហ៊ុព័ទ្ធយកដីក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយត្រូវបានកម្លាំងចំរុះស្រាវជ្រាវរកឃើញកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ នៅចំណុច៥៥ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែងនោះ ត្រូវបានបញ្ជូនសំណុំរឿងទៅដល់សាលាដំបូងខេត្តកំពង់ឆ្នាំងរួចហើយ។ ចំណែកតំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង កំពុងបន្តនីតិវិធីនេះ។
គួរបញ្ជាក់ថា៖ ក្នុងពេលក្រុមការងារចំរុះ ចុះពិនិត្យនៅទីតាំងកាប់បំផ្លាញព្រៃឈើនៅចំណុចខាងលើនេះ លោក យូ សុគមន៍ ប្រធានគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ក្នុងស្រុកកំពង់លែង បានអោយដឹងថា៖ ពាក់ព័ន្ធនឹងកន្លែងកាប់ព្រៃឈើចំណុច៥៥ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងនេះ ខាងអ្នកកាប់នោះ គឺកាប់តាមអនុក្រឹតលេខ២៤៥ ដែលប្រជាពលរដ្ឋបានទទួលពីរដ្ឋាភិបាលកាត់ឆ្វៀលអោយរួចហើយ។ ក៏ប៉ុន្តែ នៅក្នុងអនុក្រឹតលេខ២៤៥ មិនមានន័យត្រង់ណា កាត់ឆ្វៀលអោយបុគ្គលដទៃនោះឡើយ ហើយករណីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងនេះ លោកក៏បានដឹងដែរ តែមិនបានទប់ស្កាត់ ៕ កាំង ហុងវាស្នា










