ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ នៅថ្ងៃអង្គារទី៣០ ខែកក្កដា នេះថា ប្រទេសចិន កំពុងលៃលកមូលនិធិសង្គ្រោះប្រមាណ៧០លានដុល្លារ ដើម្បីជួយដល់ការស្ដារឡើងវិញ នៅខេត្តចំនួន៥ ដែលរងផលប៉ះពាល់ដោយព្យុះត្រូពិកហ្កែមី(Gaemi)។

គណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការវិនិយោគនេះ នឹង «ជួយដល់ការស្តារឡើងវិញជាបន្ទាន់នៅខេត្ត Hunan, Henan, ស៊ីឈ័ន(Sichuan) និង ខេត្តសានស៊ី(Shaanxi) បន្ទាប់ពីមានភ្លៀងធ្លាក់ និងទឹកជំនន់ជន់លិចខ្លាំង និងគ្រោះមហន្តរាយព្យុះទីហ្វុងនៅខេត្ត Fujian ដោយផ្តោតសំខាន់លើការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកជំនន់ដែលខូចខាត សាលារៀន មន្ទីរពេទ្យ និងកន្លែងផ្តល់សេវាសាធារណៈផ្សេងទៀត។

នៅក្នុងខេត្ត Fujian តែមួយ ព្យុះទីហ្វុងហ្កែមី(Gaemi) បានបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ ជាង ១,៦ ពាន់លានយ័ន ឬ២២០លានដុល្លារ។
ប្រព័ន្ធផ្សព្វផ្សាយ CCTV បាននិយាយថាព្យុះហ្កែមី(Gaemi) នៅតែបន្តបង្កឱ្យមានទឹកជំនន់ និងបំណាក់ដី នៅក្នុងខេត្តភាគខាងត្បូង និងភាគឦសានរបស់ប្រទេសចិន។

បុគ្គលិកសង្គ្រោះបន្ទាន់បានជម្លៀសប្រជាជន តាមទូកកៅស៊ូ ពីតំបន់ទីក្រុងលិចទឹក និងតាមឧទ្ធម្ភាគចក្រ នៅក្នុងភូមិជនបទតំបន់ភ្នំ។