បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំរួចរាល់ហើយ នូវសាលារៀនដែលត្រៀមបើកឲ្យសិស្សចូលរៀនឡើងវិញនោះ ខណៈដែលសាលាត្រូវយកធ្វើជាមណ្ឌលចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ក៏នឹងត្រូវប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាវិញ នៅបំណាចខែកញ្ញា ឆ្នាំ២០២១នេះ ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ មានសាលារៀនសរុបចំនួន ៥១២ទីតាំង ក្នុងនោះមត្តេយ្យសិក្សាមានចំនួន២១ នឹងបើកឡើងវិញចំនួន២ សិក្សាតាមបណ្តុំចំនួន១០ និងតាមអនឡាញចំនួន៩ ។ សាលាបឋមសិក្សាមានចំនួន ៤០៧ទីតាំង នឹងបើកឡើងវិញចំនួន ១៥៦សាលា សិក្សាតាមបណ្តុំចំនួន ១៧០សាលា និងសិក្សាតាមអនឡាញចំនួន ៩១សាលា ។
ឯកឧត្តម បានបន្តថា សម្រាប់សាលាមធ្យមសិក្សាមានចំនួន ៨៤សាលា នឹងបើកឡើងវិញចំនួន ១៩សាលា សិក្សាតាមបណ្តុំចំនួន ៣៤សាលា និងតាមអនឡាញចំនួន ៣១សាលា ហើយសាលាដែលរៀនតាមអនឡាញទាំងអស់ ជាទីតាំងនៅមានករណីរកឃើញមានវិជ្ជមានកូវីដ-១៩ នៅឡើយ ។
អភិបាលខេត្ត បានបន្ថែមថា ចំពោះសាលាបាននិងកំពុងប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក និងកន្លែងសម្រាកព្យាបាលនៃអ្នកជំងឺកូវីដ១៩ តាមការគ្រោងរបស់ខេត្ត នឹងត្រូវប្រគល់ឲ្យខាងសាលាគ្រប់គ្រងវិញ នៅដំណាច់ខែកញ្ញានេះ ព្រោះដោយមានការជួយគាំទ្រពីអនុគណៈកម្មការសាងសង់ របស់ក្រុមការងារឯកឧត្តម ខេង សាមេធ បានសាង់សង់រួចមណ្ឌលព្យាបាល ២កន្លែង និងកំពុងរៀបចំមណ្ឌលចត្តាឡីស័កមួយទៀត ដែលអាចជំនួសសាលារៀនបាន ។
គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ ចំពោះសាលារៀនកំពុងធ្វើជាមណ្ឌលចត្តាឡីស័ក ចំនួន២២កន្លែង និងសាលារៀនមួយចំនួនទៀត ត្រូវបានយកធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ ខណៈមណ្ឌលព្យាបាលថ្មីធំៗចំនួន ២កន្លែង គឺនៅមណ្ឌលព្យាបាល ហ៊ុន សែន ខ្លាកូន ស្ថិតក្នុងក្រុងសិរីសោភ័ណ ចាប់ផ្ដើមដាក់អ្នកជំងឺវីដ១៩ អាការៈស្រាល ជាអ្នកជំងឺពលករ និងមណ្ឌលព្យាបាលនៅផ្សារ អឹង វណ្ណម៉ៅ ស្ថិតក្នុងស្រុកមណ្ឌលបុរី សម្រាប់ដាក់អ្នកជំងឺឆ្លងក្នុងសហគមន៍ និងកំពុងរៀបចំមណ្ឌលចត្តាឡីស័កនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អាចដាក់ពលករបានជាង ៣០០០នាក់ ។
ចំពោះខេត្តបន្ទាយមានជ័យនេះអត្រានៃការរកឃើញអ្នកវិជ្ជមានកូវីដ១៩ នារយៈពេលចុងក្រោយនេះ ក៏មានការថយចុះជាបន្តបន្ទាប់ផងដែរ។ ដោយកាលពីថ្ងៃទី១ ខែកញ្ញា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ និងជាសះស្បើយចំនួន ៨៥នាក់ ៕




