កិច្ចប្រឹងប្រែងរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ទៅកាន់បេក្ខភាពប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ ហាក់ទទួលបានសន្ទុះក្នុងយុទ្ធនាការដ៏ជោគជ័យរបស់បក្សលោកស្រីប្រឆាំងនឹងលោក Donald Trump មកពីបក្សសាធារណរដ្ឋ ប៉ុន្តែសំឡេងគាំទ្រដ៏សំខាន់ពីសមាជិកសភាមួយចំនួនដែលលោកស្រីនឹងត្រូវការប្រសិនបើឈ្នះការតែងតាំង កំពុងតែមានភាពស្ទាក់ស្ទើ។

នៅក្នុងការប្រកួតប្រជែង ៣៥សំឡេងដែលនឹងកំណត់ការគ្រប់គ្រងនៃសភាតំណាងសហរដ្ឋអាមេរិក ចំនួន ៤៣៥អាសនៈក្នុងការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា មកទល់ពេលនេះមានអ្នកកាន់តំណែង ឬអ្នកប្រជែងតំណែងក្នុងសភាពីគណបក្សប្រជាធិបតេយ្យចំនួន ១២រូបបានបដិសេធមិនគាំទ្រលោកស្រី Harris ។

ពួកគេកំពុងបង្ហាញខ្លួនឯងថាជាអ្នកធ្វើការសម្រេចចិត្តឯករាជ្យផ្តោតលើគោលការណ៍ខ្លួនជាជាងនយោបាយជាតិ ដោយបានរក្សាគម្លាតពីលោកស្រី Harris ដែលបក្សសាធារណរដ្ឋចងភ្ជាប់ទៅនឹងកំណត់ត្រារបស់រដ្ឋបាលលោក Joe Biden ស្តីពីបញ្ហាអន្តោប្រវេសន៍ និងអតិផរណា។ អ្នកប្រជាធិបតេយ្យទាំង ១២រូបនោះបាននិយាយថា ពួកគេចង់ឃើញគោលនយោបាយដែលលោកស្រី Harris នឹងស្នើឡើង ដែលអាចជួយពលរដ្ឋនៃតំបន់របស់ពួកគេ មុនពេលសម្រេចចិត្តថាតើត្រូវគាំទ្រ ឬអត់។

បច្ចុប្បន្នបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនដ៏ប្រកៀកប្រកិតក្នុងសភា ហើយប្រសិនបើបក្សប្រជាធិបតេយ្យឈ្នះការគ្រប់គ្រងក្នុងសភា ពួកគេអាចជួយជំរុញរបៀបវារៈរបស់លោកស្រី Harris បើលោកស្រីឈ្នះតំណែង ឬអាចធ្វើជាអ្នកប្រឆាំងនឹងលោក Trump បើលោកទទួលជ័យជម្នះ៕