រដ្ឋមន្ត្រីការបរទេស លោក Constantinos Kombos បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ីប កំពុងត្រៀម ដើម្បីបម្រើជាមជ្ឈមណ្ឌលជម្លៀសដ៏សំខាន់មួយ សម្រាប់ជនបរទេស ក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។

លោក Kombos បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងរបាយការណ៍ដែលថា ប្រទេសបារាំង និងបែលហ្ស៊ិក បានត្រៀមរួចជាស្រេចក្នុងការជម្លៀសពលរដ្ឋរបស់ពួកគេចេញពីប្រទេសលីបង់ ដោយសារតែវិបត្តិកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ លោក បានបញ្ជាក់ថា ផែនការ ដែលកាលពីពេលមុនបានជួយសម្រួលដល់ការជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់ជម្លោះនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ត្រូវបានដំណើរការឡើងវិញ រយៈពេលជាច្រើនសប្តាហ៍មកហើយ។

លោក Kombos បាននិយាយថា យើងបានរៀបចំកិច្ចប្រជុំអន្តរនាយកដ្ឋាននៃអង្គភាពសេវា ដែលពាក់ព័ន្ធ ហើយយើងបានដាក់ចេញពីរបៀបដែលផែនការនេះ ត្រូវបានអនុវត្តនៅក្នុងករណីចាំបាច់។ ប្រទេសស៊ីប នឹងបន្តដើរតួជាស្ពានទៅកាន់សុវត្ថិភាព ដើម្បីជួយសម្រួលដល់ការជម្លៀសពលរដ្ឋ ដោយសុវត្ថិភាពពីតំបន់សង្រ្គាមណាមួយ នៅក្នុងផ្នែកនៃពិភពលោក។
លោកបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់លុហ្វថានសា(Lufthansa) និងក្រុមហ៊ុនអាកាសចរណ៍បារាំង Air France រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ត្រានសាវែ ហ្រ្វានស៍(Transavia France) បានផ្អាកជើងហោះហើរទៅនិងមក ពីទីក្រុង Beirut។ បន្ថែមលើនេះ មានការពន្យារពេលកាលពីថ្ងៃច័ន្ទ ក្នុងការទៅដល់នៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Middle East Airlines របស់លីបង់ ទៅកាន់ទីក្រុង Larnaca ប្រទេសស៊ីប។
លោក Kombos បាននិយាយថា អស្ថិរភាពក្នុងតំបន់អាចប៉ះពាល់ដល់ផែនការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា។ ការពិភាក្សាជាច្រើន កំពុងដំណើរការក្នុងចំណោមរដ្ឋជាដៃគូ ដើម្បីស្វែងរកវិធីសាស្ត្រជំនួស សម្រាប់ការផ្តល់ជំនួយ។