ប្រណាំងកង់៖ កីឡាករកូឡុំប៊ី Miguel Angel Lopez បានប្រជែងឈ្នះដំណាក់កាលទី ១៨ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Vuelta a Espana តែកីឡាករស្លូវេនី Primoz Roglic បន្តការនាំមុខ និងខិតជិតគ្រងជើងឯក។

ដំណាក់កាល់ទី ១៨ ដែលមានចំងាយផ្លូវ ១៦២.៦គីឡូម៉ែត្រ កីឡាករកូឡុំប៊ីរបស់ក្រុម Movistar, Miguel Angel Lopez បានប្រជែងឈ្នះក្រោយមកដល់ទីព្រ័ត្រ ៤ម៉ោង ៤១នាទី ២១វិនាទី។ លេខ២ ក្នុងដំណាក់កាលបានទៅកីឡាករស្លូវេនី Primoz Roglic ដែលមកដល់ទីព្រ័ត្រយឺតជាងអ្នកឈ្នះ ១៤វិនាទី និងលេខ៣ កីឡាករអេស្ប៉ាញ Enric Mas យឺតជាង ២០វិនាទី។
ដោយឡែកក្រោយ ១៨ដំណាក់កាលនេះ អ្នកការពារតំណែងជើងឯក Primoz Roglic នៅតែបន្តនាំមុខគេដដែលមានវេលាសរុប ៧៣ម៉ោង ២៤នាទី ២៥វិនាទី ហើយខិតជិតក្លាយជាជើងឯកឆ្នាំនេះទៀតដោយនាំមុខដាច់អ្នកលេខ២ ក្នុងតារាងរួម Enric Mas ដល់ទៅ ២នាទី ៣០វិនាទី ខណៈលេខ៣ គឺកីឡាករកូឡុំប៊ី Miguel Angel Lopez យឺតជាង ២នាទី ៥៣វិនាទី។ សំរាប់ដំណាក់កាលទី ១៩ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៩១.២គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ