ភ្នំពេញ ៖ នៅក្នុងអំឡុងពេលដែលថ្ងៃជាប្រវត្តិសាស្ត្រ បើកការដ្ឋានអនុវត្តគម្រោងជីកព្រែកជីកហ្វូណនតេជោ ជិតឈានចូលមកដល់នេះ បណ្តាអាជីវកម្មបោះពុម្ភសម្លៀកបំពាក់មួយចំនួន នៅរាជធានីភ្នំពេញ បានទទួលការកុម្មង់បញ្ជាទិញពីអតិថិជនជាច្រើនឲ្យបោះពុម្ភសា្លកសញ្ញា គាំទ្រការពិធីសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅលើមួក និងអាវគ្រប់ប្រភេទ ដើម្បីពាក់គាំទ្រថ្ងៃបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។
កញ្ញា ទេព បូរីរតនា ម្ចាស់អាជីវកម្មយីហោយក្សា បានថ្លែងប្រាប់ BTV នៅថ្ងៃទី៣០ ខែកក្កដានេះថា បច្ចុប្បន្ន អាជីវកម្មបោះពុម្ភរបស់កញ្ញាមាន សាខាចំនួន៤ទីតាំង ហើយគ្រប់ទីតាំងគឺសុទ្ធតែទទួលបានការកុម្មង់បញ្ជាទិញពីមហាជនទូទៅ តាមក្រសួង ស្ថាប័ន និងបណ្តាខេត្ត រាជធានីនានានៅប្រព័ន្ធអនឡាញ ឲ្យបោះពុម្ភ ស្លាកសញ្ញា គាំទ្រការជីកព្រែកជីកហ្វូណនតេជោ នៅលើមួក អាវគ្រប់ប្រភេទទំហំនិងតម្លៃទាំងអស់ ដើម្បីពាក់អបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។
សូមបញ្ជាក់ថា មកដល់ថ្ងៃនេះគឺនៅសល់ពេល៦ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃជាប្រវត្តិសាស្ត្របើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងឈានចូលមកមកដល់៕
អត្ថបទ ស៊ុម សុខជា


