
រដ្ឋមន្ត្រីក្រសួងការបរទេស និងជនបរទេសស៊ីរី លោក Faisal Mekdad កាលពីថ្ងៃចន្ទ បានអំពាវនាវ ឲ្យ អង្គការសហប្រជាជាតិ ស៊ើបអង្កេត និងដោះស្រាយនូវអ្វី ដែលលោកបានពណ៌នាថា ជាការរំលោភបំពាន និងការវាយប្រហារម្តងហើយម្តងទៀត ដោយកងកម្លាំងអ៊ីស្រាអែល នៅលើទឹកដីស៊ីរី។
នៅក្នុងជំនួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាពដែលកំពុងបំពេញទស្សនកិច្ចលោក Jean-Pierre Lacroix លោក Mekdad បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ដែលកំពុងបន្តរបស់ស៊ីរីជាមួយ និងការសម្របសម្រួលដល់កងកម្លាំងសង្កេតការណ៍កិច្ចការ សង្គ្រោះរបស់អង្គការសហប្រជាជាតិ (UNDOF) នៅតំបន់ Golan Heights ដែលអ៊ីស្រាអែគ្រប់គ្រង។ នេះបើយោងតាមព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី។

លោក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃអំណាចរបស់ UNDOF ក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាតម្រូវការសម្រាប់អន្តរាគមន៍របស់អង្គការសហប្រជាជាតិ ដើម្បី «បញ្ឈប់សកម្មភាពនៃការកាន់កាប់របស់អ៊ីស្រាអែលប្រឆាំងនឹងអ្នកស្រុកនៃតំបន់ខ្ពង់រាប Golan Heights។
លោក Mekdad បានអះអាងជាថ្មីអំពីសិទ្ធិស្របច្បាប់របស់ប្រទេសស៊ីរី ក្នុងការទាមទារយកតំបន់ខ្ពង់រាប Golan Heights ដែលអ៊ីស្រាអែលកាន់កាប់នោះ មកវិញ។
សម្រាប់ផ្នែករបស់ខ្លួន លោក Lacroix បានទទួលស្គាល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដែលផ្តល់ដោយរដ្ឋាភិបាលស៊ីរី ដោយគូសបញ្ជាក់ពីតួនាទីនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ និងបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។