
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា អង្គការសហប្រជាជាតិ គ្រោងនឹងផ្តល់ជំនួយដល់ប្រជាជនប្រមាណ ២,៤លាននាក់ ក្នុងចំណោមប្រជាជន ៣.៣លាននាក់ ដែលត្រូវបានព្យាករថា នឹងរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ចាប់ពីខែកញ្ញា តទៅ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន កំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូង ដើម្បីរៀបចំសម្រាប់អ្វីដែលគេរំពឹងថា នឹងមានទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេល ៦០ឆ្នាំ។
OCHA បានបន្តថា ពួកគេ នឹងផ្តល់សេវាសុខភាព និងអាហារូបត្ថម្ភ ទីជម្រក និងជំនួយស្បៀងអាហារ ដល់ជនភៀសខ្លួន។
ការិយាល័យនេះ បានបញ្ជាក់ថា៖«ដើម្បីធ្វើកិច្ចការនេះ និងដើម្បីបំពេញតម្រូវការរបស់អ្នកមកដល់ថ្មី ដែលភៀសខ្លួនចេញពីជម្លោះក្នុងប្រទេសស៊ូដង់ ការផ្តល់មូលនិធិបន្ថែមទៀតសម្រាប់ការឆ្លើយតបផ្នែកមនុស្សធម៌ នៅស៊ូដង់ខាងត្បូង គឺត្រូវការជាបន្ទាន់»។