
ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រឈមនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវនិស្សិតឯកទេសផ្នែកជំងឺបេះដូង ខណៈដែលកូដកម្មរបស់វេជ្ជបណ្ឌិតទូទាំងប្រទេស ឈានចូលដល់ខែទី៧ ហើយ។ ទិន្នន័យថ្មីៗពីសមាគមកូរ៉េ សម្រាប់ការវះកាត់ទ្រូង និងសរសៃឈាមបេះដូង បង្ហាញថា មានតែ ១២នាក់ក្នុងចំណោមនិស្សិតឯកទេសជំងឺបេះដូង ១០៧នាក់របស់ប្រទេសនេះ នៅតែបំពេញកាតព្វកិច្ចរបស់ខ្លួន។
ការសិក្សាដែលបានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃកាលពីសប្តាហ៍មុន បង្ហាញថា អ្នកឯកទេសបេះដូងចំនួន ៧៥នាក់ បានលាលែងពីតំណែង ហើយ ២០នាក់ ដាក់សំណើសុំលាលែងដែលមិនទាន់ទទួលបានសម្រេច។ តំបន់សំខាន់ៗ ជាច្រើន ក្នុងនោះរួមទាំងខេត្ត Gangwon និងខេត្ត Chungcheong ខាងជើង ឥឡូវនេះគ្មាននិស្សិតឯកទេសខាងជំងឺបេះដូងទេ។

នៅក្រោមប្រព័ន្ធថែទាំសុខភាពកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង ក្រសួងសុខាភិបាល ជារៀងរាល់ឆ្នាំកំណត់កូតាការងារទូទាំងប្រទេសតាមវិជ្ជាឯកទេស និងតំបន់។ ឯកទេសក្នុងផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ និងការថែទាំបន្ទាន់ ជាប្រពៃណីបានជួបការលំបាក ក្នុងការទាក់ទាញបេក្ខជន ដោយសារតែម៉ោងធ្វើការយូរ និងការរំពឹងទុកការងារមានកំណត់។
បើយោងតាមទិន្នន័យរបស់សមាគមនិស្សិតហាត់ការកូរ៉េ បានឲ្យដឹងថា និស្សិតឯកទេសផ្នែកជំងឺបេះដូងប្រឈមនឹងកាលវិភាគដែលត្រូវការពិសេស ដោយធ្វើការជាមធ្យម ១០២,១ម៉ោង ក្នុងមួយសប្តាហ៍ កាលពីឆ្នាំ២០២២ ពោលគឺលើស ៣០ភាគរយពីនិស្សិតទូទាំងឯកទេសវេជ្ជសាស្ត្រទាំងអស់។ ហើយការធ្វើកូដកម្ម នាពេលបច្ចុប្បន្ន បានធ្វើឲ្យមានសភាពកាន់តែធ្ងន់ធ្ងរដល់បញ្ហាបុគ្គលិកមិនគ្រប់គ្រាន់ដែលមានពីមុនមក៕