
ការិយាល័យរបស់លោក បាននិយាយនៅថ្ងៃអង្គារនេះថា មេទ័ពជើងទឹកកូរ៉េខាងត្បូង នឹងទៅទស្សនកិច្ចកោះហាវ៉ៃ ក្នុងសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយឧត្តមនាវីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី។
ក្នុងអំឡុងពេលធ្វើដំណើររយៈពេល ៦ថ្ងៃ រហូតដល់ថ្ងៃអាទិត្យ ឧត្តមនាវីឯក Yang Yong-mo បញ្ជាកាការកងទ័ពជើងទឹក នឹងជួបជាមួយលោកឧត្តមនាវីឯក Samuel Paparo មេបញ្ជាការនៃទីបញ្ជាការឥណ្ឌូ- ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក និងឧត្តមនាវីឯក Stephen Kohler មេបញ្ជាការកងនាវាចរណ៍ឥណ្ឌូ-ប៉ាស៊ីហ្វិកអាមេរិក។ នេះបើតាមកងទ័ពជើងទឹក។

កងទ័ពជើងទឹក បាននិយាយថា កិច្ចពិភាក្សាជាបន្តបន្ទាប់ មានគោលបំណងពិភាក្សាអំពីវិធីកែលម្អឥរិយាបថការពាររបស់សម្ព័ន្ធមិត្ត។
លោក Yang ក៏នឹងជួប និងលើកទឹកចិត្តដល់ទាហានកូរ៉េខាងត្បូង ដែលចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកពហុជាតិ ដែលរៀបចំដោយសហរដ្ឋអាមេរិក នៅក្នុងដែនទឹកជុំវិញកោះហាវ៉ៃ។
កូរ៉េខាងត្បូង បានបញ្ជូនទាហានប្រហែល ៨៤០នាក់ និងនាវាចម្បាំងជាច្រើនគ្រឿង រួមទាំងនាវាពិឃាត ROKS Yulgok Yi I Aegis ទម្ងន់ ៧.៦០០តោន សម្រាប់សមយុទ្ធ Rim of the Pacific Exercise ដែលបានចាប់ផ្តើមកាលពីចុងខែមុន ហើយនឹងដំណើរការរហូតដល់ថ្ងៃទី ២ ខែសីហា។