
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងនាយករដ្ឋមន្ត្រីស៊ីរី លោក Hussein Arnous បានសន្យាថា នឹងពង្រឹងទំនាក់ទំនងទ្វេភាគី លើវិស័យផ្សេងៗ ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេ នៅរដ្ឋធានីតេអេ រ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ។
លោក Pezeshkian បាននិយាយថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងស៊ីរី តែងតែជា «មិត្តភាព និងជាបងប្អូន» ដោយកត់សម្គាល់ថា ប្រទេសទាំងពីរ នៅតែជា «មិត្តរបស់គ្នាទៅវិញទៅមក ក្នុងអំឡុងពេលដ៏លំបាក»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតី។

លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គម ដើម្បីសម្រេចបាននូវទំនាក់ទំនងនយោបាយដ៏រឹងមាំរបស់ពួកគេ ដោយបន្ថែមថា រដ្ឋបាលរបស់លោក ប្តេជ្ញាពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ដែលមានស្រាប់ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
លោក Arnous ដែលចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Pezeshkian បានបង្ហាញពីការដឹងគុណរបស់ស៊ីរីចំពោះប្រទេស «ជាមិត្ត» ជាពិសេសអ៊ីរ៉ង់សម្រាប់ការគាំទ្ររបស់ពួកគេ ក្នុងការពង្រឹងសន្តិសុខស៊ីរី។