
ក្រុមអ្នកជួយសង្គ្រោះ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១នាក់ ដែលកំពុងតែសម្រាកយ៉ាងលង់លក់ស្កប់ស្កល់ នៅក្នុងបន្ទប់ក្រោមដីនៃគេហដ្ឋានរបស់ពួកគេ បានលង់ទឹកស្លាប់ បន្ទាប់ពីទឹកភ្លៀងបានជន់លិចអគារលំនៅឋាន នៅក្នុងតំបន់ Kohat របស់ប្រទេសប៉ាគីស្ថាន នាព្រឹកថ្ងៃអង្គារ (ទី៣០ ខែកក្កដា) នេះ។

ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបន្តមានទូទាំងខេត្ត Khyber-Pakhtunkhwa របស់ប៉ាគីស្ថាន អស់រយៈពេលជាច្រើនថ្ងៃ ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងជន់លិចទីក្រុង នៅក្នុងផ្នែកផ្សេងៗនៃខេត្តនេះ។
យោងតាមមន្រ្តីផ្ដល់ជំនួយសង្គ្រោះ 1122 គ្រួសារនេះត្រូវបានជាប់នៅក្នុងបន្ទប់ក្រោមដីនៃផ្ទះរបស់ពួកគេ នៅពេលដែលទឹកភ្លៀង បានបង្កជាទឹកជំនន់ជន់លិចតំបន់នោះ។
ទន្ទឹមនឹងនេះដែរ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បានចេញការជូនដំណឹងអំពីអាកាសធាតុធ្ងន់ធ្ងរ សម្រាប់តំបន់ជាច្រើន នៅប្រទេសប៉ាគីស្ថាន ដោយព្យាករពីការមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេល ៣ថ្ងៃខាងមុខ៕