សេវាព័ត៌មានរបស់កងឆ្មាំជាតិរុស្ស៊ី Rosgvardiya បានប្រាប់សារព័ត៌មានTASSថា កងកម្លាំងពិសេសនៃសេវាឆ្មាំសហព័ន្ធរុស្ស៊ី បានឃាត់ខ្លួនជនសង្ស័យចំនួន ២៥នាក់ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងតំបន់ Zaporozhye និង Kherson តាមព័ត៌មានដែលផ្តល់ដោយសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB)។
របាយការណ៍ បាននិយាយថា កងកម្លាំងពិសេសនៃកងឆ្មាំជាតិរុស្ស៊ី Rosgvardiya បានធ្វើប្រតិបត្តិការពិសេស នៅក្នុងកន្លែងតាំងទីលំនៅជាច្រើននៃតំបន់ Kherson និង Zaporozhye ដោយផ្អែកលើព័ត៌មានដែលទទួលបានពីមន្រ្តីយោធាប្រឆាំងចារកម្ម។ អ្នកស្រុកចំនួន ២៥នាក់ ដែលសង្ស័យថា មានការពាក់ព័ន្ធជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានឃាត់ខ្លួន ហើយប្រគល់ទៅឲ្យក្រសួងមហាផ្ទៃ និងFSB។
ភ្នាក់ងារនេះ បានកត់សម្គាល់ថា ពួកគេ ៤នាក់ បានចូលរួមក្នុងចារកម្ម ដោយប្រមូលព័ត៌មានអំពីសកម្មភាពរបស់អង្គភាពកងកម្លាំងប្រដាប់អាវុធរុស្ស៊ីកងទ័ពឆ្មាំជាតិក៏ដូចជាក្រសួងមហាផ្ទៃ បញ្ជូនវាទៅឲ្យ អ្នកគ្រប់គ្រងរបស់ពួកគេ។ ទីភ្នាក់ងារនេះ បាននិយាយថា៖«មនុស្ស ៨នាក់ ក្នុងចំណោមពួកគេ ត្រូវបានគេសង្ស័យថា ក្បត់រដ្ឋ។ អ្នកស្រុកមួយចំនួន បានចូលរួមការអំពាវនាវជាសាធារណៈសម្រាប់សកម្មភាពភេរវកម្មនៅលើអ៊ីនធឺណិត។ អ្នកផ្សេងទៀតជាសមាជិករបស់អង្គការដែលគេហាមឃាត់ និងផ្តល់ហិរញ្ញប្បទាន ដល់ពួកគេ»។
លើសពីនេះទៅទៀត ទាហាន និងសមាជិករបស់កងឆ្មាំជាតិរុស្ស៊ី Rosgvardiya បានរឹបអូសអាវុធ គ្រាប់បែកដៃ កាមេរ៉ា និងម៉ាស៊ីនថតអេឡិចត្រូនិច ដែលមានព័ត៌មានអំពីតំបន់ដែលយោធារុស្ស៊ី និងកងកម្លាំងសន្តិសុខផ្សេងទៀតឈរជើង។