ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) គឺលោក Josep Borrell នៅថ្ងៃអង្គារ (ទី៣០ ខែកក្កដា) នេះ បាននិយាយថា លោកចង់ចាប់ផ្តើមធ្វើការដើម្បីលើកកម្ពស់ទំនាក់ទំនងការទូតជាមួយវៀតណាម ដោយបន្ថែមថា EU អាចជួយបង្កើនសមត្ថភាពសន្តិសុខដែនសមុទ្រ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នៅទីក្រុងហាណូយ លោក Borrell ដែលកំពុងខិតជិតបញ្ចប់អាណត្តិ ៥ឆ្នាំរបស់ខ្លួន ក្នុងនាមជាតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស EU បាននិយាយថា ប្លុកនៃប្រទេសចំនួន២៧ នេះ «មានផលប្រយោជន៍ដោយផ្ទាល់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាព» នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាង ១ភាគ៣ នៃការនាំចូលរបស់ EU និងជាង ២០ភាគរយនៃការនាំចេញរបស់ខ្លួនឆ្លងកាត់ដែនទឹកនេះ។
លោក Borrell បានសង្កត់ធ្ងន់ថា ការគោរពតាមច្បាប់អន្តរជាតិ ដែលវៀតណាមអំពាវនាវនៅសមុទ្រចិនខាងត្បូង គួរតែត្រូវបានអនុវត្តនៅគ្រប់ទីកន្លែង ក្នុងនោះរួមទាំងនៅអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងមានជម្លោះជាមួយប្រទេសចិន ជុំវិញព្រំដែនរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់ដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុង ពោលគឺជាជំហរដែលបង្កឲ្យមានភាពតានតឹងផងដែរជាមួយប្រទេសផ្សេងទៀត នៅក្នុងតំបន់៕