វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៣០ ខែកក្កដា) នេះ បាននិយាយថា ក្រុមប្រឆាំងនយោបាយ នៅក្នុងប្រទេសវេណេស៊ុយអេឡា គួរតែព្រមទទួលយកនូវអ្វីដែលទីក្រុងម៉ូស្គូហៅថា ការបរាជ័យរបស់ខ្លួន ហើយអបអរសាទរចំពោះអ្នកកាន់អំណាច គឺលោក Nicolas Maduro ដែលឈ្នះការបោះឆ្នោត។
គួរបញ្ជាក់ថា លោក Maduro និងគូប្រជែងគណបក្សប្រឆាំងរបស់លោក គឺលោក Edmundo Gonzalez សុទ្ធតែបានអះអាងពីជ័យជម្នះដូចគ្នា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយការតវ៉ាប្រឆាំងលោក Maduro បានផ្ទុះឡើងនៅជុំវិញប្រទេសអាមេរិកខាងត្បូងមួយនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា៖ «យើងមើលឃើញថា គណបក្សប្រឆាំងមិនចង់ទទួលយកការបរាជ័យរបស់ខ្លួននោះឡើយ ប៉ុន្តែយើងជឿថា គណបក្សប្រឆាំងគួរតែធ្វើដូច្នេះ ពោលគឺគួរតែអបអរសាទរអ្នកឈ្នះការបោះឆ្នោតទាំងនេះ»។
ហើយជាមួយគ្នានេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលបរទេសមួយចំនួនទៀត បានសង្ស័យលើលទ្ធផលផ្លូវការនោះ លោក Peskov បានប្រាប់ថា កងកម្លាំងខាងក្រៅមិនគួរស្វែងរកការបង្កអស្ថិរភាពនោះឡើយ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលបានក្លាយជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់រុស្ស៊ី ក្រោមរដ្ឋាភិបាលសង្គមនិយមរបស់លោក Maduro៕