ភ្នំពេញ ៖ អភិបាលខណ្ឌបឹងកេងកង បានបញ្ជារដល់កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ពិសេសគណះបញ្ជាការឯកភាពសង្កាត់ទាំង០៧ ក្នុងមូលដ្ឋាន ធ្វើយ៉ាងណា ត្រូវបង្ក្រាប និងទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព លើបញ្ហាក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូ បង្កភាពអាណាធិបតេយ្យ នៅក្នុងមូលដ្ឋាន ។
ការដាក់បទបញ្ជាររបស់លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ថ្លែងឡើង នៅក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌទទួលបន្ទក , លោកអធិការនគរបាល, មេបញ្ជាារកងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលសង្កាត់ខណ្ឌពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
កិច្ចប្រជុំនេះដែរ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជារកាលពីពេលថ្មីៗ និងដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមឃួង ស្រេង ប្រធានគណះបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីបន្តទប់ស្កាត់ក្រុមក្មេងទំនើង និងសកម្មភាពបង្ហោះម៉ូតូអាណាធិបតេយ្យ ។
លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានថ្លែងឱ្យដឹងថា ៖ ក្នុងមួយរយះក្រោយមកនេះ បញ្ហាក្រុមក្មេងទំនើងកាប់ចាក់ប្រហារគ្នានៅតាមទីសាធារណះ បានថបថយចុះខ្លាំងបំផុត បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានយកចិត្តទុកដាក់បង្ក្រាប ។ ប៉ុន្តែ វាបែរជាលិចចេញនូវសកម្មភាពទំនើងផ្សេងទៀត ដោយការបង្ហោះម៉ូតូដងផ្លូវ និងតាមទីសាធារណះ ដែលនេះជាកត្តានាំឱ្យបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយបំផុត ក្នុងសង្គមជាតិ ។
ត្បិតសកម្មភាពនេះមិនមែនជារឿងថ្មីក៏ដោយ ប៉ុន្តែលោកអភិបាលខណ្ឌ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច ត្រូវចាប់ឃាត់ភ្លាមៗ រាល់ក្រុមទំនើងទាំងឡាយ មិនថាក្មេង ឬចាស់ ឱ្យតែមានសកម្មភាពបង្ហោះម៉ូតូ ត្រូវឃាត់មកសាកសួរនាំ និងធ្វើកំណត់ហេតុ ឬសវតាជាតិអប់រំណែនាំ ហើយត្រូវឃាត់ម៉ូតូរក្សាទុករយះពេល០៣ខែ ក្នុងករណីដែលជនរូបនោះទើបតែប្រព្រឹត្តិសកម្មភាពលើកដំបូង ។
ប៉ុន្តែ បើនៅគគ្លើនហ៊ានប្រព្រឹត្តិជាលើកទី០២ គឺត្រូវឃាត់ម៉ូតូរក្សាទុក០៦ខែ ក្នុងករណីដែលជនរូបនោះ មិនមានប្រព្រឹត្តិបទល្មើសអ្វីផ្សេងក្រៅពីការបង្ហោះម៉ូតូ ។
ផ្អែកក្នុងស្មារតីអង្គប្រជុំដដែលនោះ លោកអភិបាលខណ្ឌសង្កត់ធ្ងន់ថា ៖ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី០៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើម សម្តេចបានយកចិត្តទុកដាក់ខ្ពស់ណាស់ លើការការពារសន្តិសុខជាតិមាតុភូមិ ដូច្នោះហើយលោកអភិបាល ស្នើរឱ្យអាជ្ញាធរក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋានទាំងមូល ត្រូវបន្តពង្រឹងលើកិច្ចការងារសន្តិសុខទាំងអស់ មានទាំងការអប់រំ , ការត្រួតពិនិត្យ ,ការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលកើតមាន ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ ។
ជាចុងក្រោយ លោកអភិបាល ក៏បានប្រាប់ឱ្យ អាជ្ញាធរនៅតាមមូលដ្ឋានសង្កាត់ និងថ្នាក់ឋណ្ឌ ពោលគឺមន្ត្រីទាំងអស់ចំណុះឱ្យរដ្ឋបាលខណ្ឌ ត្រៀមខ្លួនឱ្យបានរួចរាល់១០០ភាគរយ ក្នុងការចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានជាផ្លូវការព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះទាំងអស់គ្នា ៕
អត្ថបទ ៖ លីហេង








