ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បាននាំគ្នាវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ ដែលពេលនេះរងការខូចខ្ទេចខ្ទី នៅឯទីក្រុងភាគខាងត្បូងដ៏សំខាន់របស់តំបន់ហ្កាហ្សា គឺទីក្រុង Khan Younis នាថ្ងៃអង្គារ (ទី៣០ ខែកក្កដា) នេះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបញ្ចប់ការលុកលុយអស់មួយសប្តាហ៍នៅទីនោះ ដែលពួកគេបាននិយាយថា មានគោលបំណងរារាំងដល់ក្រុមប្រដាប់អាវុធអ៊ីស្លាមហាម៉ាសកុំឲ្យប្រមូលផ្តុំគ្នាឡើងវិញ។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានប្រាប់ថា រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពជនជាតិប៉ាឡេស្ទីនចំនួន ៤២នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការលុកលុយរបស់អ៊ីស្រាអែលចូលទៅក្នុងទីក្រុង Khan Younis ភាគខាងកើត។
ចំណែកយោធាអ៊ីស្រាអែលបាននិយាយថា ក្នុងអំឡុងពេលការវាយឆ្មក់រយៈពេលមួយសប្តាហ៍នេះ កងកម្លាំងរបស់ខ្លួន បានសម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីនជាង ១៥០នាក់ បំផ្លាញផ្លូវរូងក្រោមដីរបស់ក្រុមសកម្មប្រយុទ្ធនេះ និងរឹបអូសអាវុធបានយ៉ាងច្រើន។
បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានចាកចេញ ប្រជាជនបាននាំគ្នាធ្វើដំណើរវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញដោយថ្មើរជើង និងជាមួយរទេះសត្វលាដែលដឹករបស់របររបស់ពួកគេ។ ហើយពេលទៅដល់ មនុស្សជាច្រើនបានឃើញផ្ទះសម្បែងរបស់ពួកគេរងខូចខាត ឬត្រូវបានបំផ្លាញខ្ទេចខ្ទី៕