ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទៅត្រួតពិនិត្យរចនាសម្ព័ន្ធខ្សែបន្ទាត់ការពារ នៅតំបន់ Volyn ភាគពាយ័ព្យ នៅថ្ងៃអង្គារ (ទី៣០ ខែកក្កដា) នេះ។
ក្នុងទីតាំងដែលមិនត្រូវបានបង្ហាញឲ្យដឹង នៅជាប់ព្រំដែនជាមួយប្រទេសបេឡារុស លោក Zelenskiy ត្រូវបានគេឃើញដើរកាត់លេណដ្ឋាន ដែលអមដំណើរដោយពួកយោធា។
គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងធ្វើការឥតសម្រាកសាងបន្ទាយការពារ ដើម្បីបញ្ឈប់ការរុលទៅមុខបន្ថែមទៀតរបស់ទាហានរុស្ស៊ី។ តែយ៉ាងណាក្ដី ការវាយប្រហាររបស់រុស្ស៊ី នៅតំបន់ Donetsk ភាគខាងកើត នៅតែជាគោលដៅវាយលុកដ៏សំខាន់របស់ទីក្រុងម៉ូស្គូ។
ទីក្រុងគីវ កាលពីថ្ងៃចន្ទ (២៩ កក្កដា) បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងផ្តោតការវាយលុកខ្លាំងបំផុតរបស់ខ្លួន នៅជិតទីក្រុងយុទ្ធសាស្ត្រភាគខាងកើតនៃទីក្រុង Pokrovsk របស់ប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូបានដាក់សម្ពាធយ៉ាងខ្លាំងលើផ្លូវផ្គត់ផ្គង់ដ៏សំខាន់របស់អ៊ុយក្រែនអស់រយៈពេលជាង ២៩ខែ គិតចាប់តាំងពីមានការលុកលុយពេញលេញរបស់ខ្លួន៕