ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារ (ទី៣០ ខែកក្កដា) បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអបអរសាទរលោក Nicolas Maduro របស់ប្រទេសវ៉េណេស៊ុយអេឡា ដែលបានជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីម្ដងទៀត ដោយនេះបានផ្ទុយទៅនឹងការសង្ស័យ និងការរិះគន់ដែលបង្ហាញដោយមេដឹកនាំអាមេរិកឡាទីនមួយចំនួន និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា អាជ្ញាធររៀបចំការបោះឆ្នោតរបស់វេណេស៊ុយអាឡា បានឲ្យដឹងថា លោក Maduro បានឈ្នះអាណត្តិទី៣ ដោយទទួលបានសន្លឹកឆ្នោត ៥១ភាគរយ ទោះបីជាក្រុមប្រឆាំងបាននិយាយថា ខ្លួនមានភស្តុតាងពីការរាប់សន្លឹកឆ្នោតសរុប ដែលបង្ហាញថា ខ្លួនបានទទួលជ័យជម្នះក៏ដោយ ខណៈដែលការតវ៉ាប្រឆាំងរដ្ឋាភិបាល បានផ្ទុះឡើងនៅទូទាំងប្រទេស ដោយនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ នៅរដ្ឋធានីការ៉ាកាស។
ទីភ្នាក់ងារព័ត៌មានចិន Xinhua បានឲ្យដឹងថា លោក ស៊ី បានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាព តាមរយៈសាររបស់លោកផ្ញើទៅកាន់លោក Maduro ដោយលោកនិយាយថា ប្រធានាធិបតីវេណេស៊ុយអេឡា បានដឹកនាំរដ្ឋាភិបាល និងប្រជាជនរបស់លោកតាមមាគ៌ានៃការអភិវឌ្ឍ ស្របតាមលក្ខខណ្ឌជាតិ។
តាមរយៈសារនោះ លោក ស៊ី បានលើកឡើងថា៖ «ប្រទេសចិននឹងគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វេណេស៊ុយអេឡា ដើម្បីការពារអធិបតេយ្យភាពជាតិ សេចក្តីថ្លៃថ្នូរជាតិ និងស្ថិរភាពសង្គម ហើយគាំទ្រយ៉ាងមុតមាំ ចំពោះបុព្វហេតុរបស់ប្រទេសវេណេស៊ុយអេឡា ក្នុងការរារាំងការជ្រៀតជ្រែកពីខាងក្រៅ»៕