កំពត ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពត ក្នុងសង្កាត់ទាំង៥ បានចំនួន១៩លើក និងបានប្រមូលបញ្ហា សំណូមពរ៧៧ករណី បញ្ហាមួយចំនួន ត្រូវបានដោះស្រាយរួចរាល់ ចំណែកបញ្ហានៅសេសសល់ ក្រុមការងារ ត្រូវសហការគ្នាខិតខំដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបាន ឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ នេះជាការលើកឡើងរបស់របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពត។
ឯកឧត្តម ម៉ាន សុគ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពត នៅក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារវេទិកាសាធារណៈ រយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅបន្ត កាលពីថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញ នៅសាលាក្រុងកំពត បានជំរុញដល់ក្រុមការងារ ឱ្យបន្តពង្រឹងសកម្មភាព និងមានការទទួលខុសត្រូវ ច្បាស់លាស់ ខិតខំដោះស្រាយបញ្ហា សំណូមពរ ទំនាស់នានា ឱ្យបានទាន់ពេលវេលា បញ្ចៀសភាពអសកម្ម ដែលអាចបង្កឱ្យមានភាពថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋ និងមហាជនទូទៅ បង្កជះឥទ្ធិពលអវិជ្ជមានដល់ការគាំទ្ររាជរដ្ឋាភិបាល និងគណបក្ស។
ឯកឧត្តម បានក្រើនរំឭកមន្ត្រីរាជការ ក្រុមការងារផងដែរថា ត្រូវចុះជាប់នឹងប្រជាពលរដ្ឋ ដើម្បីស្តាប់ និងទប់ស្កាត់ឱ្យទាន់ពេលវេលា ដើម្បីពង្រឹងការងារនៅមូលដ្ឋានភូមិសង្កាត់ឱ្យបានរឹងមាំ ពិសេស គោលនយោបាយភូមិឃុំមានសុវត្ថិភាព បន្តចុះរៀបចំវេទិកាសាធារណៈនៅតាមបណ្ដាសង្កាត់ តាមផែនការ ដែលបានគ្រោងទុក និងបន្តធ្វើការសម្របសម្រួលទំនាស់ ឱ្យបានល្អ និងមានប្រសិទ្ធភាពជាងមុន៕
អត្ថបទ៖ អន សារឹម



