កណ្ដាល ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហុក គីមសានអនុប្រធានគណៈពង្រឹងភូមិព្រែកស្វាយ២ បាននាំយកនូវអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ដ្រៃយ៍ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដកណ្ដាល ផ្ដល់ជូនដល់ស្ដ្រីដែលទើបសម្រាលកូនរួច នៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈជួបការដោយសារបញ្ហាជំងឺកូវីដ-១៩ផងនោះ។
ក្នុងឱកាសនោះផងដែរឯកឧត្តម ហុក គីមសាន អនុប្រធានគណៈពង្រឹងភូមិព្រែកស្វាយ២ បាននាំប្រសាសន៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្ត្រីដែលទើបសម្រាលកូនរួច ដែលបានចូលរួមក្នុងកម្មវិធីនេះ។
ឯកឧត្តម ហុក គីមសាន ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចស្ដ្រីសម្រាលកូនរួច ឲ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍៣កុំ និង៣ការពាររបស់ម្រមុខដឹកនាំដោយហេតុថា យើងមិនបានដឹងថា នរណាម្នាក់មានជំងឺកូវីដ-១៩នោះទេ ដូច្នេះយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងវីរុសបំប្លែងថ្មីប្រភេទDelta។
សូមបញ្ជាក់ផងដែរ ឯកឧត្តម ហុក គីមសាន បានរួមចំណែកក្នុងការជួយដល់កិច្ចការមនុស្សធម៌ជាច្រើនមាន ដូចជា វិស័យសុខាភិបាល វិស័យព្រះពុទ្ធសាសនា វិស័យអប់រំ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅទីជនបទ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាតា ទើបនឹងសម្រាលកូនទាំងជាង២០នាក់នោះគឺ ក្នុងម្នាក់ៗទទួលបាន អង្ករ១ប៉ាវ និងថវិកាចំនួន១០ម៉ឺនរៀល និងឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំក្នុងម្នាក់ទទួលបានថវិកាមួយចំនួនផងដែរ៕





