ប្រភពពីក្រុមមន្ត្រីអាមេរិកបានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (៣០ កក្កដា) បានធ្វើការវាយប្រហារនៅប្រទេសអ៊ីរ៉ាក់ ក្នុងការការពារខ្លួន ខណៈភាពតានតឹងក្នុងតំបន់បានកើនឡើងខ្លាំង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទីក្រុងបេរូត ដែលអ៊ីស្រាអែលនិយាយថាបានសម្លាប់មេបញ្ជាការជាន់ខ្ពស់បំផុតរបស់ក្រុមហេសបូឡា។

នគរបាលអ៊ីរ៉ាក់ និងប្រភពវេជ្ជសាស្ត្របាននិយាយថា ការវាយប្រហារនៅក្នុងមូលដ្ឋានមួយនៅភាគខាងត្បូងនៃទីក្រុងបាកដាដ ប្រើប្រាស់ដោយកងកម្លាំងប្រជាប្រិយចល័តរបស់អ៊ីរ៉ាក់ (PMF) បានសម្លាប់សមាជិក ៤នាក់នៃក្រុមនេះ ដែលមានកងជីវពលប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ជាច្រើននាក់ និង ៤នាក់ផ្សេងទៀតរងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការបំផ្ទុះនេះ កងកម្លាំងប្រជាប្រិយចល័តនេះមិនបានចោទប្រកាន់ថាអ្នកណាជាអ្នកទទួលខុសត្រូវនោះទេ។ មន្ត្រីសហរដ្ឋអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះបានឱ្យដឹងថា អាមេរិកបានធ្វើការវាយប្រហារតាមអាកាសនៅតំបន់ មូសាយីប (Musayib) ដែលមានទីតាំងនៅខេត្ត បាប៊ីល (Babil) ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីទីតាំងឡើយ។
ក្រុមមន្ត្រីទាំងនេះបានបន្ថែមថា ការវាយប្រហារនោះសំដៅទៅលើក្រុមសកម្មប្រយុទ្ធ ដែលអាមេរិកចាត់ទុកថាកំពុងត្រៀមធ្វើការវាយប្រហារតាមអាកាសដោយយានដ្រូន និងបង្កការគំរាមកំហែងដល់អាមេរិក និងកងកម្លាំងចម្រុះ។ សកម្មភាពកាលពីថ្ងៃអង្គារនេះគឺជាការវាយប្រហាររបស់អាមេរិកលើកដំបូងនៅអ៊ីរ៉ាក់ចាប់តាំងពីខែកុម្ភៈមក នៅពេលដែលយោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសនៅអ៊ីរ៉ាក់ និងស៊ីរី ប្រឆាំងនឹងគោលដៅជាង៨៥ទីតាំង ដែលមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងកងជីវពលចម្រុះអ៊ីរ៉ង់៕